ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សានិយាយថា ដាំដើមឈើឱ្យបានទំហំប៉ុនសហរដ្ឋអាមេរិក ទើបមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី

    BY autoadmin July 5, 2019
    ការសិក្សានិយាយថា ដាំដើមឈើឱ្យបានទំហំប៉ុនសហរដ្ឋអាមេរិក ទើបមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី

    ការសិក្សាមួយនិយាយថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី គឺការដាំដើមឈើឱ្យបានច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រទេសស្វីសបាននិយាយថា ពួកយើងមានដីគ្រប់គ្រាន់ ដូច្នេះគួរតែដាំដើមឈើឱ្យបាន ១ទ្រីលាន ឬច្រើនជាងនេះ។ ពួកគេបានសរសេរនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្តកាលពីថ្ងៃព្រហស្បតិ៍ថា សូម្បីតែនៅតាមទីក្រុង និងដីស្រែចំការក៏ដោយ ក៏ពួកវាមានទំហំគ្រប់គ្រាន់សម្រាប់ដើមឈើថ្មី ដើម្បីគ្របដណ្ដប់លើផ្ទៃដី ៣.៥លានម៉ាយការ៉េ (៩លានគីឡូម៉ែត្រការ៉េ) ពោលគឺមានទំហំប្រហែលសហរដ្ឋអាមេរិកទាំងមូល។

    ការសិក្សានេះបានគណនាថា នៅប៉ុន្មានទសវត្សរ៍ទៀត ដើមឈើថ្មីទាំងនេះអាចបូមយកកាបូនឌីអុកស៊ីតជិត ៨៣០ពាន់លានតោន ពីបរិយាកាស។ ទាំងនោះហើយគឺជាបរិមាណប្រហែលគ្នានៃការបំពុលកាបូន ដែលមនុស្សបង្កើតឡើងក្នុងរយៈពេល ២៥ឆ្នាំ ចុងក្រោយនេះ។ អ្នកស្រាវជ្រាវបាននិយាយថា អត្ថប្រយោជន៍ភាគច្រើននឹងកើតមានយ៉ាងឆាប់រហ័ស ព្រោះដើមឈើអាចស្រូបយកជាតិកាបូនពីខ្យល់បានច្រើននៅពេលដែលដើមវានៅខ្ចី។

    សក្តានុពលសម្រាប់ការទាញយកកាបូនច្រើនបំផុត គឺស្ថិតនៅតំបន់ត្រូពិក។ ហើយអ្នកនិពន្ធការសិក្សាម្នាក់ឈ្មោះ Thomas Crowther និងជាអ្នកបរិស្ថានវិទ្យានៅវិទ្យាស្ថានបច្ចេកវិជ្ជាសហព័ន្ធស្វីស (Swiss Federal Institute of Technology) នៅហ្ស៊ឺរិចក៏បាននិយាយថា៖ «នេះគឺជាដំណោះស្រាយតែមួយគត់ក្នុងចំណោមដំណោះស្រាយរាប់ពាន់ ដែលជាដំណោះស្រាយការប្រែប្រួលអាកាសធាតុមានតម្លៃថោកបំផុត»។ ហើយប្រទេសចំនួន ៦ ដែលសល់ដីច្រើនដើម្បីដាំដើមឈើ គឺប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ប្រេស៊ីល និងចិន៕

    អត្ថបទ៖ លីដា

    Share This Post: