លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ប្រគល់វត្ថុបុរាណខ្មែរចំនួន៨៥មុខ/បំណែក ជូនដល់កម្ពុជា
នាព្រឹកថ្ងៃសុក្រ ៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីប្រគល់-ទទួលវត្ថុបុរាណ ពីលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា (Fumiko Takakuwa) ជនជាតិជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន៨៥មុខ/បំណែក ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ, តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា បានប្រគល់ជូននូវវត្ថុបុរាណមករដ្ឋាភិបាលកម្ពុជា ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណខ័ន្ធស្វាមីរបស់លោកស្រី គឺលោកបណ្ឌិតសាស្ត្រាចារ្យ ម៉ូរីហ្វូមី តាកាកុវ៉ា។ វត្ថុបុរាណទាំងនេះជាបដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលម្អ ត្រាមានលំអរូបសត្វ ធ្វើពីសំរិទ្ធ បំណែកតុកតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និងអកកំបោរធ្វើស្ពាន់ ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ សម័យអង្គរនិងសម័យក្រោយអង្គរ៕









ប្រភព៖ សារមន្ទីរជាតិកម្ពុជា
ដោយ៖ ណារ៉ែន