បន្ទាប់ពីលែងលះ ស្ថាបនិកក្រុមហ៊ុន Amazon ត្រូវប្រគល់ទ្រព្យចំនួន ៣៨.៣ពាន់លានដុល្លារដល់អតីតភរិយា
ការលែងលះគ្នារវាងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon.com Inc និងប្រពន្ធរបស់គាត់ បានសម្រេចជាផ្លូវការហើយកាលពីថ្ងៃសុក្រ។ ហើយការសម្រេចលើកចុងក្រោយនេះគឺ លោកស្រី MacKenzie Bezos ដែលជាអតីតប្រពន្ធ នឹងទទួលបានទឹកប្រាក់ចំនួន ៣៨.៣ពាន់លានដុល្លារ ពីក្រុមហ៊ុន Amazon ។ ប៉ុន្តែកាលពីខែមេសា ក្រុមហ៊ុនលក់រាយធំបំផុតលើពិភពលោកមួយនេះបាននិយាយថា ភាគហ៊ុនចំនួន ៤ភាគរយ របស់ខ្លួន ឬ ១៩.៧លានហ៊ុន នឹងត្រូវប្រគល់ឱ្យលោកស្រី MacKenzie Bezos បន្ទាប់ពីពួកគេទាំង ២ សម្រេចផ្ដាច់ចំណងអាពាហ៍ពិពាហ៍រយៈពេល ២៥ឆ្នាំ ដែលធ្លាប់មានជាមួយគ្នា។

ប្តីប្រពន្ធនេះបានប្រកាសពីការលែងលះគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅលើ Twitter កាលពីខែមករា ដែលបង្កឱ្យមានអ្នកខ្លះព្រួយបារម្ភថាលោក Jeff Bezos អាចប្រឈមនឹងការកាត់បន្ថយអំណាចនៅក្នុងក្រុមហ៊ុន Amazon ឬថាគាត់ ឬលោកស្រី MacKenzie នឹងរបូតមុខតំណែងធំ។ យ៉ាងណាក៏ដោយ Bloomberg បានឱ្យដឹងថា លោក Jeff Bezos នៅតែរក្សាភាគហ៊ុន ១២ភាគរយ ដែលមានតម្លៃ ១១៤.៨ពាន់លានដុល្លារ និងនៅតែជាអ្នកមានបំផុតនៅលើពិភពលោកដដែល៕

អត្ថបទ៖ លីដា