ថ្លើមធំណាស់! តាំងខ្លួនថាជាកូនចៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ហើយដើរបោកគេឲ្យបង់លុយម្នាក់ 4,000$ ដើម្បីរត់ការចូលក្របខណ្ឌអាវុធហត្ថ
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ឆបោក។ ជនសង្ស័យឈ្មោះ ជួង សេត ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្នុងឯកសណ្ឋាន អាវយឺត អ.ហ ពណ៌ខ្មៅ និង ខោពណ៌ត្រេអ៊ី ព្រមទាំងដកហូតបាន អាយឌី ចំនួន ០១ គ្រឿង, កាំភ្លើងជ័រ ០១ ដើម ពណ៌ខ្មៅដាក់ក្នុងស្រោម។
ជនសង្ស័យបានតាំងខ្លួនថា ជាសមត្ថកិច្ចអាវុធហត្ថកូនចៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ដោយបានបោកយកប្រាក់ពីជនរងគ្រោះចំនួន០៤នាក់ ថារត់ការចូលក្របខណ្ឌ អាវុធហត្ថ ដោយម្នាក់ៗត្រូវបង់ប្រាក់ចាប់ពី ៤ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ ហើយជនរងគ្រោះទាំង៤នាក់ ក៏បានយល់ព្រមប្រគល់ប្រាក់ ជាបន្តបន្ទាប់ បានចំនួន 17,600$ (មួយម៉ឺនប្រាំពីរពាន់ប្រាំមួយរយ ដុល្លារ) តែការពិតជនសង្ស័យ ពុំមែនជាសមត្ថកិច្ចអាវុធហត្ថសោះឡើយ ហើយអាវុធហត្ថក៏ពុំមាន ការបង់ប្រាក់ដើម្បីចូលក្របខណ្ឌនោះដែរ គឺមានតែការប្រឡងចូល នៅពេលណាមានការប្រកាសជ្រើសរើស ពីក្រសួងការពារជាតិប៉ុណ្ណោះ។

ករណីបំបែកសំណុំរឿងមួយនេះ គឺផ្តើមចេញពី ជនរងគ្រោះម្នាក់ឈ្មោះ ជា ទូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិស្ពានខ្ពស់ សង្កាត់ឬស្សីកែវ រាជធានី ភ្នំពេញ បានមកដាក់ពាក្យបណ្ដឹងស្ដីពីករណី ឆបោកប្រាក់ដោយរត់ការចូលបំរើការងារក្របខ័ណ្ឌអាវុធហត្ថ។ ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវ រហូតឈានដល់ ធ្វើការកំណត់ទីតាំងលាក់ខ្លួន របស់មុខសញ្ញា និងបានបន្តសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ជនសង្ស័យ នៅចំណុច មុខស្តាតចាស់ សង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនូវ អំពើទុច្ចរិតនេះពិតប្រាកដមែន ដោយក្នុងដើមឆ្នាំ២០១៨ រូបខ្លួនបានកុហក់ទៅឈ្មោះ ឈន ឌី ថារូបខ្លួនគឺជា អាវុធហត្ថក្រុង កូនចៅ ឯកឧត្ដម រ័ត្ន ស្រ៊ាង ហើយរូបខ្លួនបានសួរទៅជនរងគ្រោះថាចង់ចូលធ្វើការជាកងរាជអាវុធហត្ថរាជធានីភ្នំពេញដែររឺអត់? ហើយឈ្មោះ ឈន ឌី បានប្រាប់វិញថាគេចង់ចូលនិងមានមិត្តភក្តិចំនួន ០៣នាក់:១.ឈ្មោះ ជា ទូ ភេទប្រុស, ២.ឈ្មោះ សន សិទ្ធ ភេទប្រុស និង ៣.ឈ្មោះ សេង រំដោះ ភេទប្រុស ក៏ចង់ចូលធ្វើការងារក្របខ័ណ្ឌអាវុធហត្ថដែរ។ បន្ទាប់មកជនសង្ស័យ ក៏បានណាត់ជនរងគ្រោះ ទាំង០៤នាក់ មកជាមួយគ្នា ដោយពេលទៅជួបពួកគេទាំង០៤ នាក់គឺជនសង្ស័យបានស្លៀកពាក់ ឯកសណ្ផានជាមន្ត្រីអាវុធហត្ថ ហើយបានបញ្ចុះបញ្ជូលជនរងគ្រោះទាំង០៤នាក់ ឲ្យបង់ប្រាក់ម្នាក់ 4,000$ (បួនពាន់ដុល្លារ) ដើម្បីរត់ការអោយបានឈ្មោះ ចូលក្របខ័ណ្ឌកងរាជអាវុធហត្ថ និងទារបន្ថែមជាបន្តបន្ទាប់ រហូតសរុបបានចំនួន 17,600$ (មួយម៉ឺនប្រាំពីរពាន់ប្រាំមួយរយ ដុល្លារ)។ នៅទីបំផុតជនរងគ្រោះម្នាក់មានការសង្ស័យក៏មកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយស្រាវជ្រាវរហូតឈានដល់ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យតែម្តង៕







ប្រភព៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
ដោយ៖ ណារ៉ែន