អាមេរិកព្រមានថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើអ៊ីរ៉ង់ពិតជារំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានព្រមានថា ប្រទេសអ៊ីរ៉ង់ប្រឈមនឹងការកើនឡើងនៃសម្ពាធ រួមទាំងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រទេសនេះពិតជាបំពានកិច្ចព្រមព្រៀងចម្រាញ់ជាតិរ៉ែអ៊ុយរ៉ាញ៉ូម។ លោក Mike Pompeo ក៏បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យឆ្លើយតបនឹងអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងបង្កើនកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីដែនកំណត់ ដែលកំណត់ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។

ក្រុងតេអេរ៉ង់និយាយថា ខ្លួនមិនទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងនោះទេ។ ចំណែកលោក Pompeo បានសរសេរថា៖ «របបរបស់អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកកាន់តែច្រើន»។ លោកបានបន្ថែមថា៖ «ការពង្រីកកម្មវិធីនុយក្លេអ៊ែរចុងក្រោយរបស់អ៊ីរ៉ង់ នឹងនាំឱ្យមានភាពដាក់តែឯង និងការដាក់ទណ្ឌកម្មថែមទៀត»។
យ៉ាងណាមិញក្រុមអ្នកសង្កេតការណ៍និយាយថា រដ្ឋបាល Trump ទំនងជាសង្ឃឹមថា នឹងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធបន្ថែមទៀតទៅលើអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់លើការគំរាមកំហែងដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ហើយប្រទេសអ៊ីរ៉ង់និយាយថា ខ្លួននឹងឈប់គោរពតាមការសន្យារបស់ខ្លួនក្នុងរយៈពេល ៦០ថ្ងៃ ប្រសិនបើសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ដោយមិនចាត់វិធានការដើម្បីគាំទ្រពួកគេ៕


អត្ថបទ៖ លីដា