រថយន្ត

គិតយ៉ាងណាដែរ ប្រសិនបើ Lexus មានប្រភេទអត់ដំបូលដូច Bentley ឬ Volkswagen ?

BY
autoadmin
July 9, 2019

ក្រុមហ៊ុនរថយន្ត Lexus (Luxury vehicles company) ដែលជាក្រុមហ៊ុនរថយន្តប្រណីតរបស់ Toyota បានឱ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនគ្រោងនឹងធ្វើឱ្យម៉ូដែល LC Coupé របស់ខ្លួន មាន version អត់ដំបូលមួយទៀត (convertible) ដើម្បីបំពេញតម្រូវការទីផ្សារ។ Lexus ក៏បានបង្ហាញគំរូប្រភេទ Convertible នេះរួចហើយដែរ នៅឯ Goodwood Festival of Speed ​​នៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។

ខណៈពេល LC Coupé បានក្លាយជាម៉ូដែលរបស់ Lexus ដែលកំពុងពេញនិយមបំផុត ការដាក់បន្ថែមឱ្យមានប្រភេទអត់ដំបូល Convertible ពិតជារឿងមួយគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ ហើយវាក៏ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តប្រណីតមួយចំនួន កំពុងងាកមកចាប់អារម្មណ៍លើការផលិតរថយន្តអត់ដំបូលនេះ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗយើងឃើញថា ម៉ូដែល Chrysler 200 និង Volkswagen Beetle សុទ្ធតែមានជាប្រភេទ Convertible ទាំងអស់។

Lexus LC គ្មានដំបូលនេះ ក៏ត្រូវបានគេបង្ហាញនៅឯពិព័រណ៍រថយន្ដអន្ដរជាតិអាមេរិកខាងជើង នៅក្រុង Detroit ផងដែរកាលពីខែមករា។ ហើយ Lexus និយាយថា គោលដៅរបស់ពួកគេគឺដើម្បីបង្ហាញពី «សម្រស់ដ៏អស្ចារ្យ» ហើយពួកគេក៏បានទទួលពានរង្វាន់ Design EyesOn Design ចំពោះការរចនានេះទៀតផង។

គួរឱ្យដឹងផងដែរថា Lexus LC គ្មានដំបូលនេះ មានលំនាំដូចប្រភេទ Coupé ប៉ុន្តែវានឹងមានយ៉ាន់ស្ព័រធំជាង និងមានក្បាលខាងមុខខ្លីជាងបន្ដិច។ ហើយអ្វីដែលធ្វើឱ្យ Convertible របស់ LC Coupé មើលទៅកាន់តែប្លែកនោះគឺ ពណ៌របស់វាមើលទៅដូចជា QR code ប៉ុន្តែវាអាចជាគម្របគ្រប់ពីលើប៉ុណ្ណោះ ហើយ Lexus ក៏នឹងធ្វើការប្រកាសអំពីព័ត៌មានលម្អិតរបស់វានៅពេលឆាប់ៗផងដែរ៕

អត្ថបទ៖ លីដា

Share This Post: