អេហ្ស៊ីបនឹងប្តឹងក្រុមហ៊ុន Christie’s ដើម្បីនាំយកចម្លាក់ព្រះចៅ Tutankhamun ដែលបានដាក់ដេញថ្លៃ ៦លានដុល្លារ ត្រឡប់មកវិញ
ប្រទេសអេហ្ស៊ីបបានប្រកាសផែនការដាក់ពាក្យបណ្តឹង ទៅលើក្រុមហ៊ុនដេញថ្លៃដ៏ល្បីល្បាញមួយឈ្មោះថា Christie’s សម្រាប់ការដាក់ដេញថ្លៃរូបចម្លាក់របស់ព្រះចៅផារ៉ាអុង Tutankhamun កាលពីសប្តាហ៍មុន។ រដ្ឋាភិបាលអេហ្ស៊ីបបាននិយាយថា ការលួចនេះជាការគេរត់ពន្ធខុសច្បាប់ចេញពីទីក្រុង Luxor ហើយពួកគេបានទាមទារឱ្យ Christie’s បញ្ឈប់ការដេញថ្លៃនេះ។ ប៉ុន្តែក្រុមហ៊ុន Christie’s នៅតែដាក់វាឱ្យដេញថ្លៃ ហើយវត្ថុបុរាណនេះត្រូវបានលក់ក្នុងតម្លៃប្រហែល ៦លានដុល្លារ (៤.៧លានផោន) កាលពីថ្ងៃទី ៤ ខែកក្កដា។

រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការមិនសប្បាយចិត្តយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលខ្លួនបាននិយាយថា «ជាវិធីគ្មានវិជ្ជាជីវៈ» ជុំវិញការលួចនេះ ក៏ដូចជាវត្ថុបុរាណអេហ្ស៊ីបផ្សេងទៀតត្រូវបានលក់ដោយគ្មានការផ្តល់ឯកសារជាម្ចាស់ ឬភស្តុតាងថា ពួកគេបានយកចេញពីប្រទេសអេហ្ស៊ីបទៅតាមរបៀបស្របច្បាប់។ រដ្ឋាភិបាលប្រទេសអេហ្ស៊ីបបាននិយាយថា ខ្លួនបានជួលមេធាវីដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹង Christie’s នាំយកចម្លាក់ត្រឡប់មកវិញ។
បន្ទាប់ពីការដាក់ដេញថ្លៃរូបចម្លាក់ព្រះចៅ Tutankhamun ទីក្រុង Cairo បានទាមទារឱ្យរដ្ឋាភិបាលអង់គ្លេស ឱ្យរារាំងការនាំចេញវត្ថុបុរាណជាប្រវត្តិសាស្ត្រមួយនេះពីប្រទេសអង់គ្លេស។ ហើយទីក្រុងនេះក៏បានអំពាវនាវផងដែរដល់អង្គការអាំងទែប៉ូល និងអង្គការយូណេស្កូ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន សម្រាប់ការធ្វើមាតុភូមិនិវត្តន៍រូបចម្លាក់នេះមកវិញុ៕


អត្ថបទ៖ លីដា