ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដែលចូលចិត្តពិសាភេសជ្ជៈ និងទឹកផ្លែឈើបន្ថែមជាតិស្ករ អាចបង្កើនហានិភ័យនៃជំងឺមហារីក

    BY autoadmin July 11, 2019
    អ្នកដែលចូលចិត្តពិសាភេសជ្ជៈ និងទឹកផ្លែឈើបន្ថែមជាតិស្ករ អាចបង្កើនហានិភ័យនៃជំងឺមហារីក

    ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកដែលញ៉ាំភេសជ្ជៈមានជាតិស្ករអាចបង្កើនហានិភ័យនៃជំងឺមហារីក។ បើយោងតាមការស្រាវជ្រាវរបស់បារាំងដែលចុះផ្សាយក្នុង The BMJ ទៅលើមនុស្សជាង ១០០,០០០នាក់ ក្នុងរយៈពេល ៩ឆ្នាំ បានឱ្យដឹងថា ការពិសាភេសជ្ជៈប្រហែល ១០០មីលីលីត្រ ក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីក ១៨ភាគរយ។

    ជាការពិតការរកឃើញនេះមិនបានបង្ហាញពីទំនាក់ទំនងច្បាស់លាស់រវាងភេសជ្ជៈជាតិស្ករ និងជំងឺមហារីកនោះទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវណែនាំថា ការកាត់បន្ថយភេសជ្ជៈអាចកាត់បន្ថយហានិភ័យនៃមហារីកបាន។ ហើយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ចំនួនមនុស្សដែលពិសាភេសជ្ជៈមានជាតិស្ករកាន់តែកើនឡើង ដែលវាមានតំណភ្ជាប់នឹងការធាត់ និងជាកត្តាគ្រោះថ្នាក់ដ៏ចម្បងសម្រាប់ជំងឺមហារីក ក៏ដូចជាជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។

    បើយោងតាមការិយាល័យស្ថិតិអូស្ត្រាលីបានឱ្យដឹងថា ៣៦% នៃប្រជាជនរបស់ពួកគេ ទទួលទានភេសជ្ជៈផ្អែមៗយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ខណៈ ១ ក្នុងចំណោម ១១នាក់ (៩.១%) ទទួលទានភេសជ្ជៈផ្អែមជារៀងរាល់ថ្ងៃ ហើយប្រហែល ១ ក្នុងចំណោម ៥ (២២.៦%) ទទួលទានជាតិផ្អែមពី ១ ទៅ ៣ថ្ងៃ ក្នុងមួយសប្តាហ៍។ ក្នុងនោះផងដែរអ្នកស្រាវជ្រាវបានវាយតម្លៃហានិភ័យនៃជំងឺមហារីកគ្រប់ប្រភេទ ក៏ដូចជាប្រភេទជាក់លាក់មួយចំនួនដូចជា៖ មហារីកសុដន់ មហារីកពោះវៀនធំ និងជំងឺមហារីកក្រពេញប្រូស្តាត ហើយត្រូវបានគេកែសម្រួលដោយកត្តាគ្រោះថ្នាក់មួយចំនួនដូចជា៖ អាយុ ភេទ កម្រិតអប់រំ កម្រិតប្រវត្តិគ្រួសារ ការជក់បារី និងកម្រិតនៃការធ្វើលំហាត់ប្រាណ។

    ជាលទ្ធផលពួកគេបានរកឃើញថា ការផឹកភេសជ្ជៈមានជាតិស្ករ ១០០មីលីលីត្រ ក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកទូទៅ ១៨% និងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់ចំពោះស្ត្រីដល់ទៅ ២២%។ ក្នុងរយៈពេលជិតមួយទសវត្សមកនេះ មានករណីជំងឺមហារីករហូតដល់ ២,១៩៣ ត្រូវបានកត់ត្រាកំឡុងពេលនៃការស្រាវជ្រាវ ហើយក្នុងនោះមានអ្នកជំងឺ ៦៩៣នាក់ បានកើតជំងឺមហារីកសុដន់ ចំណែក ២៩១នាក់ មានជំងឺមហារីកក្រពេញប្រូស្តាត និង ១៦៦នាក់ មានជំងឺមហារីកពោះវៀនធំ។

    យ៉ាងណាក៏ដោយវាមិនបានបញ្ជាក់អំពីមូលហេតុជាក់លាក់ណាមួយនោះទេ ប៉ុន្តែនៅពេលក្រុមអ្នកស្រាវជ្រាវបានបែងចែកក្រុមអ្នកដទៃ ទៅនឹងអ្នកដែលផឹកទឹកផ្លែឈើលាយជាតិស្ករ និងអ្នកដែលផឹកភេសជ្ជៈផ្អែមផ្សេងទៀត ក្រុមទាំងពីរនេះមានការផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺមហារីកជាងក្រុមដទៃ។

    អត្ថបទ៖ លីដា

    Share This Post: