ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា ការថើបជាញឹកញាប់ធ្វើឱ្យស្រកគីឡូ បំបាត់​ស្រ្ដេ​ស និងទប់ស្កាត់ភាពជ្រីវជ្រួញ

    BY autoadmin July 15, 2019
    ការសិក្សាបង្ហាញថា ការថើបជាញឹកញាប់ធ្វើឱ្យស្រកគីឡូ បំបាត់​ស្រ្ដេ​ស និងទប់ស្កាត់ភាពជ្រីវជ្រួញ

    យោងតាម Bright Side បានឱ្យដឹងថា ការថើបមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដែលវាមិនត្រឹមតែដើម្បីចំណងស្នេហ៍ និងភាពរ៉ូមែនទិកមួយមុខនោះទេ។ វាអាចជួយលោកអ្នកឱ្យទាញយកផលប្រយោជន៍សុខភាពពីវាបានដូចជា៖ ជំនួយស្បែក, ស្រកទម្ងន់, និងបំបាត់​ស្រ្ដេ​ស…។ យ៉ាងណាមិញខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការថើប ដែលក្រុមស្រាវជ្រាវបានរកឃើញ៖

    ១. ដុតបំផ្លាញកាឡូរី៖

    នៅក្នុងការសិក្សាបាននិយាយថា ការថើបធម្មតាដុតបំផ្លាញបានតែ ២ ទៅ ៣កាឡូរី ប៉ុណ្ណោះ ប៉ុន្តែការថើបបែបរំជើបរំជួលពោរពេញដោយតម្រេក អាចដុតបំផ្លាញកាឡូរីបានរហូតដល់ពី ៥ ទៅ ២៦កាឡូរី/នាទី ។ គណនាបែបនេះលោកអ្នកអាចគិតថាមិនសូវច្រើន ប៉ុន្តែបើនិយាយទៅការថើបរយៈពេល ៣០នាទី អាចដុតកាឡូរីបានរហូតដល់ជិត ១៨០កាឡូរី ដែលវាប្រសើរជាងការដើរហាត់ប្រាណរយៈពេល ៣០នាទី ឬ ៣.៥ម៉ាយ/ម៉ោង (៥.៦គីឡូម៉ែត្រ) ។

    ២. ល្អសម្រាប់ស្បែក៖

    យើងទាំងអស់គ្នាតែងតែត្រូវបានគេដាស់តឿនជារឿយៗ ឱ្យធ្វើលំហាត់ប្រាណដើម្បីសុខភាព។ ល្អហើយ! ព្រោះពួកយើងគួរតែដឹងហើយថា នៅពេលដែលយើងថើប មានសាច់ដុំមុខច្រើនជាង ៣០ ធ្វើចលនាទៅតាមហ្នឹងដែរ ដែលវាជាចំណែកធ្វើឱ្យស្បែកមុខយើងតឹងណែន។ ដូច្នេះបើនិយាយទៅការថើបវាដូចជាការធ្វើលំហាត់ផ្ទៃមុខផងដែរ។

    ៣. ទប់ស្កាត់ភាពជ្រីវជ្រួញ៖

    នៅពេលដែលអ្នកធ្វើចលនាដល់សាច់ដុំ វានឹងបង្កើនឈាមរត់ និងបង្កើតជាតិកូឡាជែននៅក្នុងស្រទាប់ស្បែក ដែលនេះវាដូចជាសម្ភារៈជំនួយដល់ស្បែក ហើយក៏ជាការទប់ស្កាត់ភាពជ្រីវជ្រួញបែបធម្មជាតិងាយៗ។ និយាយរួមការថើបប្រៀបដូចជាការទៅហាងសាឡន ព្រោះវាជួយដល់ស្បែកឱ្យមើលទៅក្មេងជាងវ័យបន្ទាប់បន្សំផងដែរ។ ប៉ុន្តែរឿងមួយដែលច្បាស់នោះគឺថា វាធ្វើឱ្យយើងសប្បាយចិត្ត!

    ៤. ល្អសម្រាប់ការរំសាយភាព​ស្រ្ដេ​ស៖

    ការថើបជាធម្មតាធ្វើឱ្យយើងមានអារម្មណ៍ថាស្ងប់ចិត្ត ហើយការស្រាវជ្រាវក៏បានបញ្ជាកដែរថា វាបង្កើនសារធាតុគីមីធម្មជាតិនៅក្នុងខ្លួនរបស់យើងទៀតផង ដូចជាអុកស៊ីតូស៊ីន (oxytocin) ដែលជាសារធាតុជួយឱ្យមានអារម្មណ៍ស្ងប់ចិត្ត ជាមួយនឹងអង់ដូហ្វីន (endorphin) ដែលជាសារធាតុគីមីធម្មជាតិធ្វើឱ្យយើងសប្បាយចិត្ត។ ដែលទាំងនេះគឺគ្រប់គ្រាន់ដល់ការរំសាយភាព​ស្រ្ដេ​ស និងតានតឹងផ្សេងៗ។

    ៥. ថែទាំធ្មេញឱ្យមានសុខភាពល្អ៖

    ការថើបក៏ល្អដល់ធ្មេញរបស់លោកអ្នកផងដែរ ដោយសារវាបង្កើនការផលិតទឹកមាត់ (saliva) ដែលជាធម្មជាតិរបស់វាដើរតួក្នុងការលាងសម្អាតបាក់តេរី ការពារការកកើតជាតិអាសុីត។ ទន្តពេទ្យខ្លះគិតថា ទឹកមាត់អាចជួយជួសជុលការខូចខាតខ្នាតតូចនៅក្នុងស្រទាប់ដំបូងរបស់ធ្មេញ ដែលគេហៅថា «enamel» ទៀតផង។ ចុះលោកអ្នកវិញគិតយ៉ាងណាចំពោះការអះអាងនេះ? ហើយចូលចិត្តការថើបដែរទេ?

    អត្ថបទ៖ លីដា

    Share This Post: