យ៉ាងហោចណាស់មនុស្ស ១០០នាក់ បានស្លាប់ និងរាប់លាននាក់ត្រូវជម្លៀសចេញ ដោយភ្លៀងមូសុងបានវាយប្រហារប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេស
យ៉ាងហោចណាស់មនុស្សចំនួន ១០០នាក់ បានស្លាប់ ខណៈពេលដែលភ្លៀងមូសុងបន្តបក់បោកនៅទូទាំងប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេស។ មនុស្សរាប់លាននាក់ផ្សេងទៀតត្រូវផ្លាស់ទី ដោយក្រុមមន្ដ្រីបាននិយាយថា ការដោះស្រាយដំបូងគឺត្រូវជម្លៀសប្រជាជនចេញសិន។

ភ្លៀងមូសុងបានបណ្ដាលឱ្យមនុស្ស ១៤ នាក់បានស្លាប់ ក្នុងភាគខាងជើងប្រទេសឥណ្ឌា នៅពេលដែលអគារ ៤ជាន់ មួយបានដួលរលំបន្ទាប់ពីគ្រឹះរបស់វាបានបាក់ភ្លាមៗដោយសារភ្លៀងធ្លាក់ខ្លាំងពេក។ ទន្លេក៏មានការជន់លិចនៅរដ្ឋ Bihar និង West Bengal ភាគខាងកើតរបស់ប្រទេសផងដែរ ដែលធ្វើឱ្យលិចផ្លូវថ្នល់ និងបង្ខំឱ្យប្រជាជនចេញពីលំនៅដ្ឋានរបស់ពួកគេ។
ចំណែកនៅប្រទេសនេប៉ាល់វិញ មានការបាក់ដី និងការជន់់ទន្លេ ដែលបានបណ្ដាលឱ្យមនុស្សជាង ៦០នាក់ស្លាប់ និងមនុស្សជាច្រើននាក់បាត់ខ្លួន។ ពួកគេនិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានការពិបាក ដោយសារតែផ្លូវត្រូវបានរារាំងដោយទឹកជន់ខ្លាំង។
ហើយនៅប្រទេសបង់ក្លាដេសវិញ ភ្នាក់ងារផ្សាយព័ត៌មានរបស់ពួកគេបាននិយាយថា មនុស្សរាប់រយពាន់នាក់នៅតាមតំបន់ទំនាបត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ។ ប្រភពបានបន្ដថា មនុស្សជាច្រើនបានផ្លាស់ទីលំនៅក្នុងតំបន់ Cox’s Bazar ជាកន្លែងដែលមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ រត់គេចពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងរស់នៅទីនោះ៕




អត្ថវទ៖ លីដា