ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មើលថែកូនៗឲ្យដិតដល់ ព្រោះជំងឺគ្រុនឈាមកើតឡើងជាង២ម៉ឺនករណីហើយ ច្រើនជាងឆ្នាំមុនៗទៅទៀត

    BY Khmernote Media July 17, 2019
    មើលថែកូនៗឲ្យដិតដល់ ព្រោះជំងឺគ្រុនឈាមកើតឡើងជាង២ម៉ឺនករណីហើយ ច្រើនជាងឆ្នាំមុនៗទៅទៀត

    កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនានេះក្រសួងសុខាភិលបាលបានរៀបចំកម្មវិធីសន្និសីទសារពត៌មានស្តីពីការទប់ស្កាត់និង ការពារការកើតជំងឺគ្រុនឈាម។ តាមការស្រង់ស្ថិតិបានបង្ហាញថាគិតតាំងពីដើមឆ្នាំ ២០១៩ មកទល់នឹងពេលនេះជំងឺគ្រុនឈាមបានកើតឡើងចំនួន ២១,១២៧ ករណីហើយក្នុងនោះមាន២៥ករណី ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺមួយនេះ។ បើធៀបទៅនឹងឆ្នាំ២០១៨ ក្នុងរយៈពេលដូចគ្នាគឺវាកើនឡើងរហូតដល់ទៅជាងបួនដងក្នុងឆ្នាំ២០១៩នេះ។

    ជំងឺគ្រុនឈាម ជាជំងឺឆ្លង និងរាតត្បាត បង្កមកពីការជ្រៀតចូលទៅក្នុងខ្លួនមនុស្សនូវវីរុសគ្រុនឈាម ភ្នាក់ងារចម្លងមកមនុស្សគឺមូសខ្លាញីខាំជាពិសេសពេលថ្ងៃ ហើយភាគច្រើនកើតនៅលើកុមារអាយុ ៥ ទៅ ១៥ឆ្នាំ។ ចំពោះមនុស្សពេញវ័យវិញជំងឺនេះក៏អាចកើតឡើងបានដូចគ្នាហើយអាចនឹងមានគ្រោះថ្នាក់ជាងកុមារទៅទៀត។

    ក្រសួងសុខាភិបាលក៏បានប្រកាសនឹងណែនាំជានិច្ចកាលក្នុងការបង្ការជំងឺគ្រុនឈាមដោយ ត្រូវគេងក្នុងមុង ឬមុងជ្រលក់ថ្នាំ ពិសេសគេងពេលថ្ងៃ ផ្ទះត្រូវបើកទ្វារបង្អួចឲ្យមានពន្លឺថ្ងៃចេញចូល និងខោអាវបត់ទុកដាក់ឲ្យបានត្រឹមត្រូវ កាប់ឆ្ការព្រៃនៅជុំវិញផ្ទះឲ្យអស់ ត្រូវស្លៀកពាក់ឲ្យបានជិតល្អ ហើយឲ្យកុមារលេងនៅកន្លែងណា ដែលមានពន្លឺថ្ងៃចេញចូលជានិច្ច និងកុំអោយកុមារទៅលេងកន្លែងងងឹត ការធ្វើអនាម័យសំអាតលំនៅដ្ឋានរៀងៗខ្លួន បំបាត់ដង្កូវទឹកដោយ៖ លាងពាង ឬអាងទឹក ថូផ្កាកុំឲ្យមានដង្កូវទឹកឲ្យបានជារៀងរាល់សប្តាហ៍ ប្រមូលវត្ថុដែលដក់ទឹកបានទៅដុតចោល ឬកប់ចោលរៀងរាល់សប្តាហ៍ ដាក់ត្រី៧ព៌ណក្នុងពាងទឹកឬអាងទឹកដើម្បីអោយស៊ីដង្កូវទឹក ឬដាក់ថ្នាំអាបេត ឬថ្នាំបីធីអាយ ឬគ្របពាងនិងអាងទាំងនោះអោយជិតល្អ។

    ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងការព្យាបាលជំងឺគ្រុនឈាម ដោយបានផ្តល់សេរ៉ូម៣០,០០០ ប្លោកដល់មន្ទីរពេទ្យ និងគ្រោងផ្តល់សេរ៉ូម ៧០,០០០ ប្លោកបន្ថែមទៀតក្នុងខែកក្កដាខាងមុខនេះ។ បន្ថែមពីលើនេះទៅទៀតក្រសួងសុខាភិបាលក៏បានសង្កត់ធ្ងន់អោយប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នបំផុតចំពោះជំងឺគ្រុនឈាមនេះព្រោះវាអាចឆក់យកជីវិតមនុស្សគ្រប់ពេលវេលាមិនថាចាស់ ឬក្មេងនោះទេ៕

    អត្ថបទ៖ សំរិទ្ធ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay