រសជាតិយ៉ាងណាទៅហ្ន៎? នៅម៉ាឡេស៊ីគេមានផលិតវីស្គីទុរេន ដែលធ្វើចេញពីសាច់ទុរេន ១០០% សុទ្ធសាធ
បើនិយាយឱ្យចំទៅពីមួយថ្ងៃទៅមួយថ្ងៃ វាតែងតែមានអ្វីម៉្យាងដែលថ្មីធ្វើចេញពីទុរេនជានិច្ច។ ចំណែកលើកនេះវិញគឺថ្មីនឹកស្មានមិនដល់តែម្ដង ដោយថ្មីៗនេះក្រុមហ៊ុន Tropical Wine Sdn Bhd. របស់ម៉ាឡេស៊ីបានអះអាងថាពួកគេបានផលិតនូវស្រាវីស្គីរសជាតិទុរេន។ ការអះអាងនេះបានធ្វើឱ្យមានភាពល្បីល្បាញមិនដាច់ពីមាត់ព្រោះថា អ្នកចូលចិត្តទុរេនគាត់មានភាពរំភើបជាមួយនឹងផលិតផលថ្មីនេះ ខណៈមនុស្សធម្មតាក៏ពួកគាត់ចង់ដឹងថា វីស្គីរសជាតិទុរេនធ្វើចេញពីទុរេនមែនឬអត់?

យោងតាមទំព័រជាផ្លូវការរបស់ Durian Whisky ពួកគេបានបង្ហោះថា វីស្គីនេះធ្វើចេញពីទុរេនពូជ «Musang King» សុទ្ធសាធ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មរបស់ខ្លួន។ វីស្គីទុរេនត្រូវបានផលិតពីសាច់ទុរេន Musang King សុទ្ធសាធ ១០០% ជាមួយការបន្ថែមសមាសធាតុអេតាណុល និងស្ករស។ វីស្គីនេះមានបរិមាណអាល់កុល ១៨% ហើយវាមានតម្លៃ ៩៨ដុល្លារសិង្ហបុរី (៧២ដុល្លារអាមេរិក) សម្រាប់ដបចំណុះ ២៥០មីលីលីត្រ និង ១៩៨ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ដបចំណុះ ៧៥០មីលីលីត្រ ។
ប៉ុន្តែបើយោងតាម Star2 និយាយថា មានអ្នកខ្លះគិតថាវីស្គីទុរេននេះមិនអាចចាត់ទុកជាស្រាវីស្គីទេ។ ព្រោះថាស្រាវីស្គីជាប្រពៃណីរបស់វាគឺ មានប្រភពចេញពីគ្រាប់ធញ្ញជាតិ ខណៈវីស្គីទុរេននេះត្រូវបានផលិតចេញសាច់ទុរេន Musang King ហើយវាមិនសមស្របនឹងនិយមន័យស្រាវីស្គីនោះទេ។ វាគួរតែហៅថាស្រាផ្អែមរសជាតិទុរេន (durian liqueur) ប៉ុន្តែយ៉ាងណាក៏ដោយវាពិតជាធ្វើឱ្យយើងចង់សាកល្បងមែនទែន៕



អត្ថបទ៖ លីដា