ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សរហូតដល់ ១,៦៧០នាក់ ឈានដល់កម្រិតប្រកាសអាសន្នដោយ WHO

    BY autoadmin July 18, 2019
    ជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សរហូតដល់ ១,៦៧០នាក់ ឈានដល់កម្រិតប្រកាសអាសន្នដោយ WHO

    អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោថា «ជាភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ»។ សេចក្តីប្រកាសរបស់អគ្គទេសាភិបាលអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំអ្នកជំនាញគ្រាអាសន្នមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ។ អង្គការសុខភាពពិភពលោកបាននិយាយថា មានហានិភ័យខ្ពស់ដែលជំងឺនេះអាចនឹងរីករាលដាលដល់ប្រទេសជិតខាងផ្សេងទៀត។

    ការផ្ទុះឡើងនៃជំងឺវីរុសអេបូឡាបានរីករាលដាលនៅក្នុងខេត្ត Kivu ខាងជើង និង Ituri នៅភាគខាងកើតប្រទេស ចាប់តាំងពីខែសីហាឆ្នាំមុន ដែលធ្វើឱ្យមនុស្សជាង ១,៦៧០នាក់ បានស្លាប់។ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនបានធ្វើការប្រកាសអាសន្ន បន្ទាប់ពីការវិវត្តថ្មីៗរួមទាំងករណីអេបូឡាជាលើកដំបូងនៅក្នុងក្រុង Goma ដែលជាទីក្រុងមួយនៅតាមព្រំដែនជាមួយប្រទេសរ្វ៉ាន់ដា (Rwanda)។

    សេចក្តីប្រកាសនេះអំពាវនាវឱ្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបណ្តាប្រទេសជិតខាង បង្កើនការពិនិត្យលើមនុស្សដែលសង្ស័យថា ឆ្លងមេរោគអេបូឡានៅកន្លែងត្រួតពិនិត្យតាមព្រំដែន និងតាមទីកន្លែងផ្សេងៗ។ គួរឱ្យដឹងផងដែរថា នេះគឺជាសេចក្តីប្រកាសគ្រាអាសន្នលើកទី ២ ដែលបានចេញផ្សាយអំពីអេបូឡា បន្ទាប់ពីលើកទី ១ ត្រូវបានប្រកាសកាលពីឆ្នាំ ២០១៤ សម្រាប់ការផ្ទុះឡើងនៅឯអាហ្វ្រិកខាងលិច៕

    អត្ថបទ៖ លីដា

    Share This Post: