អរគុណជប៉ុនណាស់! ជំនួយឥតសំណងប្រមាណជាង ៤,៥លានដុល្លារអាមេរិក របស់ជប៉ុន បានផ្តល់មកកម្ពុជា ដើម្បីជួយក្នុងការជួសជុលផ្លូវថ្នល់
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង មាន “ពិធីចុះហត្ថលេខាលើលិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណង” ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ឯកអគ្គរាជទូត ហូរីណូអ៊ុជិ សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។
លិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណងសម្រាប់ គម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គម ផ្ដល់ឧបករណ៍ថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព ដែលមានទឹកប្រាក់៥០០លានយ៉េន (ប្រមាណជាង៤,៥ លានដុល្លារអាមេរិក) ដែលជាជំនួយឥតសំណងរបស់ជប៉ុន។ រដ្ឋាភិបាលជប៉ុនក៏សង្ឃឹមថាគម្រោងហិរញ្ញប្បទានឥតសំណងនេះអាចជួយក្នុងការជួសជុលផ្លូវថ្នល់ដោយសន្សំសំចៃពេលវេលា និងធ្វើឲ្យផ្លូវថ្នល់មានអាយុកាលយូរអង្វែង និងរួមចំណែកដល់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕



ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ដោយ៖ ណារ៉ែន