រថយន្ត

ចាប់បានទីតាំងផលិតឡាន Ferrari និង Lamborghini ក្លែងក្លាយនៅឯប្រទេសប្រេស៊ីល

BY
autoadmin
July 18, 2019

យោងតាម Business Insider បានឱ្យដឹងថា ប៉ូលីសប្រេស៊ីលបានឃាត់ និងបិទរោងចក្រផលិតរថយន្តទំនើបសម្ងាត់មួយ ដែលកំពុងសំងំផលិតរថយន្ត Ferrari និង Lamborghini ក្លែងក្លាយ។ វាត្រូវបានគេឱ្យដឹងថា ទីតាំងសម្ងាត់មួយនោះបង្កើតឡើងដោយ ឪពុក និងកូន ២នាក់ ដែលរស់នៅភាគខាងត្បូងនៃរដ្ឋសាន់តាកាតារីណា របស់ប្រទេសប្រេស៊ីល ហើយពួកគេទាំងគូក៏ត្រូវបានប៉ូលីសចាប់ខ្លួនរួចហើយដែរ ក្រោមបទចោទប្រកាន់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា។

ក្រុមមន្ដ្រីប៉ូលីសបាននិយាយថា រថយន្ដទាំងនេះត្រូវបានដាក់លក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងតម្លៃត្រឹមតែ 45,000ដុល្លារ ទៅ 60,000ដុល្លារ ប៉ុណ្ណោះ ដែលតម្លៃនេះគឺថោកខ្លាំងមែនទែនពីតម្លៃម៉ូដែលពិតប្រាកដ។ ក្រុមមន្រ្តីមិនបាននិយាយថា តើគ្រឿងបន្លាស់ប្រភេទណាខ្លះត្រូវបានប្រើប្រាស់ ដើម្បីផលិតរថយន្តក្លែងក្លាយទាំងនោះទេ ប៉ុន្តែពួកគេបានចែកចាយរូបថតមួយចំនួន ដែលបង្ហាញពីរូបរាងរលោងរបស់រថយន្តក្លែងក្លាយទាំងនោះ ព្រមទាំងស្លាកសញ្ញា និងគ្រឿងបន្លាស់របស់រថយន្តម៉ាក។

ការវាយឆ្មក់កាលពីថ្ងៃចន្ទ ជាការធ្វើតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនអ៊ីតាលីទាំង ២ (Ferrari និង Lamborghini) ហើយរថយន្តចំនួន ៨គ្រឿង ត្រូវបានរឹបអូសផងដែរ៕

អត្ថបទ៖ លីដា

Share This Post: