ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់កើនដល់ ៣៣នាក់ នៅក្នុងហេតុការណ៍ភ្លើងឆេះស្ទូឌីយោគំនូរជីវចលនៅឯទីក្រុងក្យូតូ

    BY autoadmin July 19, 2019
    ចំនួនអ្នកស្លាប់កើនដល់ ៣៣នាក់ នៅក្នុងហេតុការណ៍ភ្លើងឆេះស្ទូឌីយោគំនូរជីវចលនៅឯទីក្រុងក្យូតូ

    ប៉ូលីសបាននិយាយថា មានមនុស្ស ៣៣នាក់បានស្លាប់ និង ៣៥នាក់ទៀតរងរបួស ដោយសារភ្លើងឆេះស្ទូឌីយោគំនូរជីវចលនៅឯទីក្រុងក្យូតូ របស់ប្រទេសជប៉ុន។ ដោយជនបង្កបានលួចចាក់សាំងនៅច្រកទ្វារចូលទៅជាន់ ទី១ របស់ស្ទូឌីយោគំនូរជីវចលកាលពីថ្ងៃព្រហស្បតិ៍។ ក្រោយមកគាត់បានដុតភ្លើងទៅលើសាំងនោះ ដែលបណ្តាលឱ្យមានការឆាបឆេះឡើង។ ចំណែកសាក្សីជាច្រើននិយាយថា ជនល្មើសបានស្រែកថា «ស្លាប់ទៅ!» ក្នុងកំឡុងពេលធ្វើសកម្មភាពទៀតផង។

    ប៉ូលីសបាននិយាយថា មនុស្ស ៧៤នាក់ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន សុទ្ធតែស្ថិតនៅក្នុងអគារនៅពេលមានអគ្គិភ័យនេះ ហើយអគ្គីភ័យត្រូវបានពន្លត់ប្រហែល ៥ ម៉ោងក្រោយ។ ជនសង្ស័យលួចរត់ចេញពីកន្លែងកើតហេតុដែរ ប៉ុន្តែត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅចម្ងាយប្រហែល ១០០ម៉ែត្រ ពីស្ទូឌីយោ។ ពួកមន្ដ្រីមិនបានសួរចម្លើយបុរសនោះភ្លាមៗទេ ព្រោះគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារតែគាត់រលាកភ្លើងធ្ងន់ធ្ងរ។

    ប៉ូលីសបាននិយាយថា បើយោងតាមប័ណ្ណបើកបររបស់ជនសង្ស័យ គាត់គឺជាអតីតអ្នករស់នៅទីក្រុង Saitama នៅជិតភាគខាងជើងទីក្រុងតូក្យូ និងមានអាយុ ៤១ឆ្នាំ តែពេលនេះគ្មានអាសយដ្ឋានពិតប្រាកដទេ។ បុរសរូបនេះមិនដែលធ្វើការនៅ Kyoto Animation ឡើយ ដូច្នេះវាមិនច្បាស់ថា តើគាត់មានទំនាក់ទំនងអ្វីជាមួយក្រុមហ៊ុន។ កំប៉ុងប្រេងសាំង កាំបិត និងញញួរមួយ ត្រូវបានគេរកឃើញនៅជិតស្ទូឌីយោនោះ ហើយប៉ូលីសសង្ស័យថា ពួកវាជារបស់ជនសង្ស័យ៕

    អត្ថបទ៖ លីដា

    Share This Post: