លោក ត្រាំ និយាយថា នាវាចម្បាំងអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៉ីរង់ ដោយចោទថាវាបានចូលក្នុងតំបន់គ្រោះថ្នាក់
អាមេរិកបាននិយាយថា នាវា USS Boxer បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៉ីរង់ ដែលស្ថិតនៅក្នុងជួរ «គំរាមកំហែង» ខណៈដែលនាវានេះបានបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ។ លោកប្រធានាធិបតី Donald Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យន្ដហោះចម្បាំងនេះត្រូវបានបំផ្លាញភ្លាមៗ»។ លោក Trump បន្ដថា យន្តហោះគ្មានមនុស្សបើកនេះ បានទៅជិតនាវា USS Boxer ហើយបានគំរាមកំហែងដល់សុវត្ថិភាពនៃនាវា និងនាវិករបស់នាវា។

មន្ទីរ Pentagon មិនបាននិយាយភ្លាមៗអំពីរបៀបដែលយន្តហោះគ្មានអ្នកបើកនោះត្រូវបានបំផ្លាញនោះទេ ប៉ុន្តែសារព័ត៌មាន CNN បានរាយការណ៍ថា នាវាបានប្រើរ៉ាដាដើម្បីចាប់ទីតាំង។ នាវា USS Boxer ក៏ប្រដាប់ដោយកាំជ្រួចប្រឆាំងនឹងយន្តហោះ និងប្រព័ន្ធអាវុធ (20mm close-in) ហើយវាក៏មានផ្ទុកយន្តហោះ AV-8B ដែលហោះដោយទ័ពជើងទឹករបស់អាមេរិកផងដែរ។ Military.com បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពយោធាជើងទឹក ទី១១ របស់កងម៉ារីនបានប្រើប្រាស់ប្រព័ន្ធចម្រុះការពារអាកាស ការពារអាកាសពន្លឺ (LMADIS) ដើម្បីចាប់សញ្ញារបស់យន្តហោះគ្មានមនុស្សបើក (drone) ដោយប្រើប្រេកង់វិទ្យុ។
គួររំលឹកដែរថា អ៉ីរង់ទើបតែបានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក RQ-4 Global Hawk របស់អាមេរិកកាលពីខែមិថុនា ដែលវាជាទង្វើមួយដែលលោក Trump ហៅថា «ជាកំហុស» របស់អ៉ីរង់។ សេចក្តីប្រកាសរបស់លោក Trump ស្តីពីការបំផ្លិចបំផ្លាញយន្តហោះគ្មានមនុស្សជិះបានកើតឡើង ចំពេលមានការប្រឈមមុខគ្នាកាន់តែធំរវាងទីក្រុង Washington និងទីក្រុង Tehran ដែលជារដ្ឋធានីរបស់ប្រទេសអ៉ីរង់លើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ៕


អត្ថបទ៖ លីដា