ពិតជាគួរឱ្យគោរពណាស់! អ្នកគ្រូម្នាក់នេះសុខចិត្តកោរសក់ចេញ ដើម្បីលើកទឹកចិត្តកូនសិស្សដែលកំពុងមានជំងឺមហារីក
ម៉ាឡេស៊ី៖ យោងតាម The Star បានឱ្យដឹងថា អ្នកគ្រូម្នាក់នេះកំពុងធ្វើឱ្យមនុស្សជាច្រើនមានក្ដីរំភើប ដោយគាត់សុខចិត្តកោរសក់ចេញដើម្បីលើកទឹកចិត្តដល់កូនសិស្សរបស់គាត់ ដែលកំពុងមានមហារីក។ សាស្រ្ដាចារ្យបណ្ឌិតអ្នកស្រី Bamini KPD Balakrishnan អាយុ ៣៩ឆ្នាំ គឺជាគ្រូបង្រៀនជាន់ខ្ពស់ ដែលបង្រៀននៅសាកលវិទ្យាល័យធុរកិច្ចសេដ្ឋកិច្ច និងគណនេយ្យ។ គាត់សម្រេចចិត្តកោរសក់ចេញ ដើម្បីជាការសម្ដែងភាពយល់ចិត្ដ និងលើកទឹកចិត្តដល់កូនសិស្សរបស់គាត់ ឈ្មោះថា Richelle Hii Hua Yin អាយុ ២០ឆ្នាំ មកពីក្រុង Beluran ដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកឆ្អឹង ដំណាក់កាលទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ។

ការពិតទៅអ្នកស្រីសាស្រ្ដាចារ្យ Bamini អាចមានផ្លូវផ្សេង ដើម្បីធ្វើការលើកទឹកចិត្តដល់កូនសិស្សរបស់គាត់ ប៉ុន្តែដោយសារទឹកចិត្តជាគ្រូមានការអាណិតអាសូរដល់សិស្ស ទើបគាត់ជ្រើសយកវិធីនេះ ហើយកូនសិស្សរបស់គាត់ក៏ត្រូវជ្រុះសក់អស់រលីងក្នុងអំឡុងពេលទទួលការព្យាបាលនេះ។ អ្នកស្រីសាស្រ្ដាចារ្យ Bamini បាននិយាយថា៖ «ខ្ញុំចង់ឱ្យនាងដឹងថា ពួកយើងនឹងនៅទីនេះដើម្បីនាង ហើយនាងគឺមិនឯកាទេក្នុងអំឡុងពេលដ៏សែនពិបាកនេះ។ ខ្ញុំមិនបានទាមទារការចាប់អារម្មណ៍នោះទេ ខ្ញុំគ្រាន់តែចង់ផ្ដល់ការលើកទឹកចិត្ត និងជំរុញចិត្តឱ្យនាងគិតវិជ្ជមាន»។
ម៉្យាងទៀតអ្នកគ្រូបាននិយាយថា Richelle គឺជាសិស្សឆ្លាតវៃ និងសកម្មក្នុងថ្នាក់។ នាងជាសិស្សពូកែម្នាក់ដែលទទួលបាន GPA (ពិន្ទុមធ្យមសរុប) រហូតដល់ ៣.៦ នៅក្នុងឆមាសទីមួយ។ ក្រៅពីនេះនាងក៏ជាសមាជិកសកម្មរបស់ប៉ូលីសស្ម័គ្រចិត្ត (Police Undergraduate Voluntary Corp.) ផងដែរ៕


អត្ថបទ៖ លីដា