ក្តៅៗ! វិធានការការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដេីម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស
ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដេីម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស នេះបើយោងតាមលិខិតដែលបានចេញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ការចេញវិធានការនេះដើម្បីចូលរួមចំណែក ពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណង់ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័នសាធារណៈ ដែលមានដូចខាងក្រោម៖
-មិនអនុញ្ញាតឲ្យសំណង់ទាំងអស់ ដែលមិនមានច្បាប់ និងលិខិតអនុញ្ញាតត្រឹមត្រូវតភ្ជាប់ចូល និងប្រើប្រាស់លូសាធារណៈរបស់រាជធានី ខេត្ត ឡើយ។
-ពង្រឹងការតាមដាន និងពិនិត្យមើលឡើងវិញ នូវការស្នើរសុំតភ្ជាប់ និងប្រើប្រាស់បណ្តាញលូសាធារណៈ។
-សហការជាមួយនឹងរដ្ឋបាល រាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធដើម្បីមានវិធានការចាំបាច់ តាមនីតិវិធីច្បាប់ដល់ជនដែលបានតភ្ជាប់ចូល និងប្រើប្រាស់បណ្តាញលូសាធារណៈរបស់រាជធានីខេត្ត ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
-ត្រូវអប់រំផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់គ្រប់ប្រភេទទាំងអស់ឲ្យយល់ដឹងអំពីនីតិវិធី សម្រាប់ការសុំតភ្ជាប់ និងប្រើប្រាស់បណ្តាញលូ និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងវិស័យសំណង់សាធារណៈ៕

