ការស្ទង់មតិបង្ហាញថា ក្មេងៗជនជាតិចិនភាគច្រើនចង់ក្លាយជាអវកាសយានិក ខណៈក្មេងៗអាមេរិក និងអង់គ្លេសបែរជាចង់ធ្វើជា YouTuber
កាលពី ៥០ឆ្នាំមុន វាគឺជាលើងដំបូងបំផុត ដែលមនុស្សជាតិយើងបានជាន់ដល់ដីព្រះចន្ទ ដោយបេសកកម្មអាប៉ូឡូទី១១ របស់អាមេរិក។ ហើយកាលនោះវាបានបំផុសបំផុលគំនិតក្មេងៗនៅទូទាំងសហរដ្ឋអាមេរិក ដើម្បីចងក្លាយជាអ្នកអវកាសយានិកនៅពេលពួកគេធំឡើង។ ប៉ុន្តែយ៉ាងណាក៏ដោយវាខុសពីសម័យបច្ចុប្បន្ន ដោយសារតែក្មេងៗជនជាតិចិនទំនងចង់ធ្វើជាអាកាសយានិក ច្រើនជាក្មេងៗអាមេរិកទៅវិញ។

ដើម្បីប្រារព្ធខួបលើកទី ៥០ របស់បេសកកម្មអាប៉ូឡូទី១១ LEGO បានធ្វើការស្ទង់មតិ ដើម្បីសាកសួរកុមាររាប់រយនាក់ ដែលមានអាយុពី ៨ ទៅ ១២ឆ្នាំ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងចិន អំពីចំណាប់អារម្មណ៍របស់ពួកគេអំពីលំហ ហើយនៅពេលធំឡើងពួកគេចង់ក្លាយខ្លួនជាអ្វី។ ចំពោះសំណួរដែលសួរថាពួកគេចង់ក្លាយជាអ្វីនេះវិញ គឺមានតែ ១១% នៃក្មេងៗជនជាតិអាមេរិកប៉ុណ្ណោះ ដែលបានឆ្លើយថាចង់ធ្វើជាអវកាសយានិក ខណៈក្មេងៗជនជាតិចិនមានរហូតដល់ ៥៦% ។
ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ក្នុងចំណោម ២៩% នៃក្មេងៗអាមេរិក ពួកគេចងក្លាយជា Vlogger/YouTuber ទៅវិញ ។ ចំណែកក្មេងៗអង់គ្លេសក៏មិនខុសពីអាមេរិកដែរ ដោយក្នុងចំណោម ៣០% នៃពួកគេសុទ្ធតែចង់ធ្វើជា Vlogger/YouTuber ។ លទ្ធផលនៃការស្ទង់មតិទាំងនេះកើតមានចំពេលប្រទេសចិន កំពុងជំរុញយ៉ាងខ្លាំងក្លាដើម្បីក្លាយជាមហាអំណាចក្នុងលំហ។ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទីក្រុងប៉េកាំងមានមហិច្ឆតាធំធេងជាងមុនទៅទៀត ដោយមានរួមទាំងការបញ្ជូនបេសកកម្មទៅកាន់ឋានព្រះចន្ទ ហើយពួកគេក៏នឹងកសាងស្ថានីយ៍អវកាសផ្ទាល់ខ្លួនផងដែរ៕



អត្ថបទ៖ លីដា