យ៉ាងហោចណាស់មនុស្ស ៤៥នាក់ បានរងរបួស ដោយសារមានជនល្មើសមួយក្រុម បានស្ទុះចូលទៅវាយប្រហារក្រុមបាតុករអាវខ្មៅ នៅស្ថានីយរថភ្លើងរបស់ហុងកុង
បើយោងតាមអាជ្ញាធរមន្ទីរពេទ្យទីក្រុងបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤៥នាក់ បានរងរបួស ដោយមានម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីក្រុមមនុស្សពាក់របាំងមុខមួយក្រុម បានវាយប្រហារទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងអ្នកដំណើរនៅស្ថានីយរថភ្លើងហុងកុងកាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែកក្កដា នេះ។ ក្រុមជនល្មើសមានដំបងវែងៗជាច្រើនកាន់នឹងដៃ និងស្លៀកពាក់អាវយឺតពណ៌សបានស្ទុះចូលស្ថានីយផ្លូវ Mass Transit Railway ដ៏ធំមួយនៅតំបន់ Yuen Long ដោយចូលទៅក្នុងរថភ្លើង និងវាយប្រហារអ្នកដំណើរតែម្ដង។

សាក្សីផ្ទាល់ភ្នែកបាននិយាយថា ពួកអាវសទាំងនោះហាក់ដូចជាបានតម្រង់គោលដៅមករកអ្នកដំណើរណាដែលពាក់អាវខ្មៅ ដែលពួកអាវខ្មៅនេះជាពួកដើរក្បួនប្រឆាំងរដ្ឋាភិបាល ហើយការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីសកម្មជនរាប់ពាន់នាក់បានឡោមព័ទ្ធការិយាល័យតំណាងរបស់ចិនក្នុងទីក្រុង ដែលក្រោយមកទៀតបានប៉ះទង្គិចជាមួយក្រុមប៉ូលីស។ ខាងក្រោមនេះគឺជាវីដេអូដែលត្រូវថតបាន នៅក្នុងការវាយប្រហាររបស់ពួកអាវស ទៅលើបាតុករប្រឆាំងរដ្ឋាភិបាល៖


អត្ថបទ៖ លីដា