ប្រធានក្រុមហ៊ុន អ៉ីណារីតា ដែលឆបោកប្រាក់រាប់រយលានដុល្លារពីប្រជាពលរដ្ឋ ត្រូវបានតុលាការចេញដីកាឲ្យឃុំខ្លួនដាក់ពន្ធនាគារ
នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឌឹម សួនណាត ប្រធានក្រុមហ៊ុន អ៉ីណារីតា ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។ ដោយចៅក្រមស៊ើបសួរ លោក ជូ លឹមហ៊ាង បានសម្រេចធ្វើការចោទប្រកាន់ លោក ឌឹម សួនណាត ពីបទ ឆបោក (មានស្ថានទម្ងន់ទោស) និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
គួររំលឹកថាលោក ឌឹម សួនណាត ប្រធានក្រុមហ៊ុន អ៉ីណារីតា ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៩ ពីបទឆបោកពីប្រជាពលរដ្ឋលើគម្រោងសាងសង់វិស័យអចលនទ្រព្យ ព្រមទាំងចេញមូលទានប័ត្រគ្មានសាច់ប្រាក់ គិតជាទឹកប្រាក់ប្រមាណពី ២០០ ទៅ ៣០០លានដុល្លារ។ ដោយរូបភាពនៃអំពើឆបោកនេះ គឺលោក ឌឹម សួនណាត បានដើរតួនាទីជាម្ចាស់គម្រោងអភិវឌ្ឍន៍ ទៅលើវិស័យអចលនទ្រព្យ រួមមាន ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡាជាដើម ដោយបានធ្វើកិច្ចសន្យាជាមួយជនរងគ្រោះឲ្យដាក់លុយវិនិយោគ ដោយទទួលបានភាគរយខ្ពស់ប្រចាំខែ តែជនរងគ្រោះបានទទួលប្រាក់ចំណេញនេះ តែខែដំបូង ឬពីរខែដំបូង ឬបីខែដំបូងតែប៉ុណ្ណោះ ប៉ុន្ដែខែបន្ដបន្ទាប់ទៀត មិនទទួលបាននោះឡើយ៕




