ថៃស្នើសុំឲ្យចិន ឡាវ និងមីយ៉ាន់ម៉ា ជួយបញ្ចេញទឹកចូលទៅកាន់ទន្លេ ដើម្បីជួយដោះស្រាយបញ្ហារាំងស្ងួតនៅថៃ
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំឲ្យចិន ឡាវ និងមីយ៉ាន់ម៉ា ជួយបញ្ចេញទឹកពីអាងស្តុកទឹកចូលទៅកាន់ទន្លេ ដើម្បីជួយដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែចំការនៅក្នុងប្រទេសថៃ។ ការស្នើសុំនេះត្រូវបានធ្វើឡើង ក្រោយប្រជាកសិករថៃ ដែលរស់នៅក្នុងបណ្តាខេត្តចំនួន ២០ នៅតំបន់ភាគខាងជើងប្រទេសថៃ កំពុងតែប្រឈមនឹងបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់លើដំណាំកសិកម្មរបស់ពួកគេជាខ្លាំង។ តាមរបាយការណ៍របស់ក្រសួងកសិកកម្មថៃបានបង្ហាញថា មានប្រជាកសិករថៃត្រឹមតែ ៤០% ប៉ុណ្ណោះ ដែលមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម ក្រៅពីនេះគឺសុទ្ធតែគ្មានទឹកគ្រប់គ្រាន់ ហើយតំបន់ខ្លះស្ទើរតែគ្មានទឹកតែម្តង។
លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងបន្តថា៖ “លោកពិតជាមានការព្រួយបារម្ភណាស់ចំពោះបញ្ហានេះ ព្រោះប្រជាកសិករបានធ្វើការវិនិយោគលើដំណាំកសិកម្មរបស់ពួកគេអស់ច្រើនមកហើយ ដូចនេះបើគ្មានទឹកគ្រប់គ្រាន់ទេពួកគេនឹងខាតបង់អស់ប្រាក់ជាច្រើនមិនខាន”។ ចុងក្រោយនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា លោកនឹងព្យាយាមចរចារជាមួយនឹងប្រទេសទាំង ៣ ខាងលើ ដើម្បីឲ្យពួកគេជួយបញ្ចេញទឹកពីអាងស្ដុកទឹករបស់ពួកគេចូលទៅក្នុងទន្លេឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីជួយដោះស្រាយបញ្ហារាំងស្ងួតនេះ៕

អត្ថបទ៖ ភក្តី