រឿងសំរាមទៀតហើយ! ស្រីលង្កាទាមទារឱ្យចក្រភពអង់គ្លេសយកសំរាមដែលពួកគេបញ្ជូនចូលត្រឡប់ទៅវិញ
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុស្រីលង្កាលោក Mangala Samaraweera កាលពីថ្ងៃអង្គារបានបញ្ជាឱ្យអគ្គនាយកដ្ឋានគយរបស់ប្រទេស ឱ្យធ្វើការស៊ើបអង្កេតភ្លាមៗអំពីបញ្ហានាំចូលកាកសំណល់ដែលមានគ្រោះថ្នាក់ពីចក្រភពអង់គ្លេស។ ប្រភពដដែលបានឱ្យដឹងថា សំរាមដែលអង់គ្លេសបានបញ្ជូនចូលទៅក្នុងប្រទេសស្រីលង្កា ភាគច្រើនជាសម្ភារៈកាកសំណល់គ្រោះថ្នាក់ ដែលអង់គ្លេសបានដាក់វាចូលពីក្នុងពូក និងបញ្ជូនតាមកុងតឺន័រមកប្រទេសនេះ។

ក្នុងរយៈពេល ២ឆ្នាំ កន្លងមក មានកុងតឺន័រចំនួន ១១១គ្រឿង បានមកដល់កំពង់ផែ ហើយមន្រ្តីគយបានរកឃើញថា កុងតឺន័រមួយចំនួនជាកាកសំណល់ព្យាបាល ដែលបន្លំធ្វើជាលោហៈកែច្នៃឡើងវិញ។ យ៉ាងណាមិញនេះគ្រាន់តែជាករណីថ្មីបំផុតចុងក្រោយ ដែលប្រទេសអាស៊ីមួយនេះបានក្លាយជាទីចាក់សំរាមដោយប្រទេសលោកខាងលិចប៉ុណ្ណោះ។
ជាក់ស្ដែងកាលពីដើមខែនេះ ប្រទេសកម្ពុជាយើងក៏បានប្រកាសថា ខ្លួននឹងបញ្ជូនកុងតឺន័រកាកសំណល់ចំនួន ៨៣ ត្រឡប់ទៅសហរដ្ឋអាមេរិក និងកាណាដាវិញដែរ។ ក៏មានករណីស្រដៀងគ្នានេះនៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក្នុងប៉ុន្មានខែថ្មីៗដូចគ្នា ដែលសំរាមទាំងនេះសុទ្ធតែត្រូវបាននាំចូលពីប្រទេសលោកខាងលិចទាំងអស់៕


អត្ថបទ៖ លីដា