ជនសង្ស័យជាង១០០នាក់ ដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្លឹបអូប៉ាម៉ា ត្រូវសមត្ថកិច្ចបង្ក្រាបកាលពីយប់មិញ ភាគច្រើនជាជនជាតិចិន ពេលនេះសមត្ថកិច្ចប្រមូលជនសង្ស័យមកស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុហើយ ដើម្បីសួរនាំ
ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ជនសង្ស័យជិត១៥០នាក់ ភាគច្រើនជាជនជាតិចិន ដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបកំសាន្ត Obama ក្នុងក្រុងព្រះសីហនុកាលម៉ោង០៣យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បច្ចុប្បន្នសមត្ថកិច្ចបាននាំមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងថា ករណីនេះនគរបាលជំនាញកំពុងសាកសួរកំណត់អត្តសញ្ញាណ និងស្ថានទម្ងន់ទោសរបស់ជនសង្ស័យនីមួយៗពាក់ពន្ធ័នឹងការជួញដូរឬជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនតាមតិវិធី ហើយថាវិធានការបន្តផ្នែកផ្លូវច្បាប់នឹងធ្វើឡើងក្រោយនគរបាលជំនាញសាកសួររួច។
សូមបញ្ជាក់ថា សមត្ថកិច្ចរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដោយមានវត្តមានឯកឧត្តមគួច ចំរើនអភិបាលខេត្តអញ្ជើញចូលរួមផង វត្តមានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោក សៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការឆែកត្រួតពិនិត្យក្លឹបកំសាន្តរបស់ក្រុមហ៊ុនចិនមួយកន្លែងឈ្មោះ Obama Club (LVចាស់) ក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុ កាលពីម៉ោង០៣យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបនេះ ដោយដកហូតបានថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីជិត១៥០នាក់ ភាគច្រើនជាជនជាតិចិន៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង




