ថៃប្រើធម៌ក្ដៅដោយដាក់ការផាកពិន័យទ្វេដង ទៅលើអ្នកចូលចិត្តជិះម៉ូតូលើផ្លូវថ្មើរជើង
លោក Sakoltee Phattiyakul អភិបាលរងរាជធានីនៃប្រទេសថៃបាននិយាយកាលពីថ្ងៃពុធថា រាល់នរណាដែលជិះម៉ូតូនៅលើលើផ្លូវថ្មើរជើងរបស់ទីក្រុង នឹងត្រូវប្រឈមនឹងការផាកពិន័យចំនួន ២,០០០បាត ដែលចំនួននេះគឺច្រើនជាងមុនគុណនឹង ២ បើធៀបនឹងការផាកពិន័យ ១,០០០បាត កាលពីខែសីហា។ សាលាក្រុងបាងកកបានសម្រេចចិត្តពិន័យប្រាក់ទ្វេដង ដោយសារតែអ្នកបើកបរទោចក្រយានយន្តនៅតែបន្ដបើកបរលើផ្លូវថ្មើរជើងរបស់ទីក្រុង ទោះបីជាមានការព្រមាន និងយុទ្ធនាការដាស់តឿនជាច្រើនក៏ដោយ។

ការិយាល័យស្រុកទាំងអស់ត្រូវបានបង្គាប់ឱ្យហាមឃាត់យ៉ាងតឹងរឹងលើម៉ូតូដែលបើកលើផ្លូវថ្មើរជើងធ្វើជាមធ្យោបាយធ្វើដំណើរ និងត្រូវបង្កើតមជ្ឈមណ្ឌលតាមតំបន់ ដើម្បីឱ្យពួកគេទៅបង់ប្រាក់ពិន័យ។ លោក Sakoltee Phattiyakul បាននិយាយថា ការអនុវត្តអត្រាដែលធ្លាប់មានស្រាប់ពីមុន (១,០០០បាត) មិនបានធ្វើឱ្យបញ្ហាធូរស្រាលនោះទេ ដូច្នេះហើយទើបពួកគេសម្រេចចិត្តថានឹងដាក់ការពិន័យទ្វេដងតែម្ដង។ នាយកដ្ឋានអនុវត្តច្បាប់ ក៏ត្រូវបានគេចាត់តាំងឱ្យធ្វើការជាមួយនាយកដ្ឋានយុទ្ធសាស្រ្ត និងវាយតម្លៃ ជាមួយនឹងការបង្កើតកម្មវិធីទូរស័ព្ទចល័ត សម្រាប់ពិនិត្យមើលកំណត់ត្រាអ្នកជិះម៉ូតូលើផ្លូវថ្មើរជើង៕



អត្ថបទ៖ លីដា