ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យស្ថានីយ៍រថភ្លើង BTS របស់បាងកកត្រូវជន់លិច និងបង្កការរំខានដល់អ្នកថ្មើរជើងជាច្រើន
ស្ថានីយ៍រថភ្លើង Bang Na Sky (BTS) ត្រូវបានទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកកាលពីថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ។ ទឹកជំនន់ក៏បានវាយប្រហារមកលើស្ពានអាកាសថ្មើរជើងដ៏មមាញឹក ដែលមានឈ្មោះថា BTS Skywalk របស់ស្ថានីយ៍រថភ្លើងនេះផងដែរ ដែលបណ្ដាលឱ្យអ្នកដើរកាត់ទីនោះត្រូវបង្ខំចិត្តនៅខាងគែមស្ពាន និងតោងបង្កាន់ដៃស្ពាន ដើម្បីជាជំនួយឱ្យពួកគេទៅដល់គោលដៅ ចៀសផុតពីការឆក់ខ្សែភ្លើង។

គួរឱ្យដឹងដែរថា តំបន់ជាច្រើននៅទីក្រុងបាងកកមានភ្លៀងធ្លាក់ច្រើនម៉ោង កាលពីថ្ងៃ ទី២៣ កន្លងទៅនេះ ។ ចំណែកស្ពានអាកាសថ្មើរជើង BTS Skywalk ត្រូវបានជន់លិចទឹកប្រមាណកម្ពស់ត្រឹមកជើង ហើយខណៈដែលស្ពាននេះជាស្ពានដ៏មមាញឹកផងនោះ វាធ្វើឱ្យមានការរាំងស្ទះ និងប៉ះពាល់អ្នកដំណើរជាច្រើន។ និយាយរួមនៅទីក្រុងបាងកកឧស្សាហ៍មានបញ្ហាជន់លិចប៉ុន្មានរយៈនេះ ហើយឱ្យតែពេលមេឃមានភ្លៀងម្ដងៗ តែងតែមានការស្ទះផ្លូវរយៈពេលយូរគ្រប់កន្លែង ក៏ដូចជាការព្រមានអំពីហានិភ័យនៃការឆក់ផងដែរ៕


អត្ថបទ៖ លីដា