ប្រទេសចិន និងឡាវ យល់ព្រមបង្ហូរទឹកពីទំនប់របស់ពួកគេ ដើម្បីជួយសម្រួលដល់ភាពរាំងស្ងួតនៅក្នុងប្រទេសថៃ
ថៃ៖ រដ្ឋាភិបាលបានស្នើឱ្យប្រទេសចិន ឡាវ និងភូមា បង្ហូរទឹកបន្ថែមទៀតដើម្បីជួយបន្ធូរភាពរាំងស្ងួតនៅក្នុងប្រទេសថៃ។ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា គាត់មានកិច្ចចរចាជាមួយប្រទេសចិន ឡាវ និងភូមា ដោយបានស្នើសុំឱ្យពួកគេបង្ហូរទឹកពីទំនប់របស់ពួកគេចុះមកតំបន់ខាងក្រោម ដូច្នេះវានឹងអាចនាំយកទឹកទាំងនោះមកកាន់ប្រទេសថៃ។ ពួកគេបានសហការគ្នាយ៉ាងល្អ ទោះបីជាពួកគេមានទឹកតិចតួចក្ដីក៏ដោយ។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ក្រសួងការបរទេស និងការិយាល័យធនធានទឹកជាតិ នឹងបន្តការចរចាលើបញ្ហានេះ។

លោកនាយកបានសម្តែងការព្រួយបារម្ភអំពីជីវភាពរបស់កសិករ ដោយគាត់និយាយថា មានដីស្រែចំការតែ ៤០% ប៉ុណ្ណោះ ដែលមានទឹកគ្រប់គ្រាន់។ លោកបាននិយាយថា៖ «ខ្ញុំមានព្រួយបារម្ភអំពីកសិករ ព្រោះពួកគេបានវិនិយោគច្រើន ប៉ុន្តែមានការខ្វះទឹក ទឹកត្រូវតែប្រើប្រាស់ឱ្យមានកម្រិត ដើម្បីរក្សាការផលិតទឹកម៉ាស៊ីន និងការពារដល់អតិថិជន។ រដ្ឋាភិបាលនឹងផ្តល់ជំនួយដើម្បីកាត់បន្ថយការខូចខាត»។ យ៉ាងណាមិញបើយោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសចិន និងឡាវ បានព្រមព្រៀងជាមួយថៃរួចហើយ ដោយចិននឹងបង្ហូរទឹកពីទំនប់ Jinghong ខណៈឡាវនឹងបង្ហូរទឹកចេញពីទំនប់ Sayaburi ៕


អត្ថបទ៖ លីដា