គ្រូពេទ្យដែលទះកំភ្លៀងអ្នកជំងឺជាជនជាតិភាគតិច ត្រូវបានក្រសួងបញ្ឈរជើងរយៈពេល១ឆ្នាំពេញ
យោងតាមសេចក្តីប្រកាសដែលបានចេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការដាក់ទណ្ឌកម្មខាងវិន័យ ទៅលើគ្រូពេទ្យភ្នែក លោកស្រី ណុប យ៉ុម ជាគិលានុបដ្ឋាយិកាមធ្យម ដែលធ្វើការនៅមន្ទីរពេទ្យខេត្តរតនគិរីឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សតាមវិធានការខាងវិន័យរយៈពេល ១ ឆ្នាំគិតចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយរក្សាទុកក្របខណ្ឌនៅអង្គភាពសាម៉ីខ្លួនដដែល។
គួររំលឹកថាគ្រូពេទ្យភ្នែក លោកស្រី ណុប យ៉ុម ត្រូវបានមហាជនរិះគន់ខ្លាំងៗបន្ទាប់ពីពេទ្យភ្នែករូបនេះបានធ្វើការទះកំភ្លៀងលើអ្នកជម្ងឺជាជនជាតិភាគតិចគ្រឹង និងបានប្រើសម្តីប្រមាថមើលងាយគ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យ ខណៈដែលកំពុងធ្វើការពិនិត្យអ្នកជម្ងឺ។ ប៉ុន្តែអ្នកគ្រូពេទ្យរូបនេះក៏បានចេញមុខបកស្រាយថាខណៈដែលកំពុងពន្យល់ពីនិតិវិធីវ៉ាស់គំហើញ គាត់បានប្រើកាយវិការដោយយកដៃទៅគោះដៃអ្នកជំងឺអោយដាក់ចុះនិងអង្គុយដាក់ជើងអោយត្រង់ចុះក្រោម ហើយលោកស្រីក៏យកដៃទៅគោះថ្ពាល់អ្នកជម្ងឺខាងស្តាំដោយចង់ប្រាប់ថាកុំយកដៃច្រត់ថ្ពាល់ចង្កា និងអោយមើលទៅផ្ទាំងអក្សរគំរូ។ ដោយគ្រូពេទ្យដដែលក៏បានបញ្ជាក់ថាកាយវិការរបស់គាត់ ធ្វើឲ្យអ្នកជម្ងឺនិងកូនៗ មិនយល់ហើយមានការភាន់ច្រឡំនិងភាសាផងកាយវិការថាគាត់បានទះកំភ្លៀង៕





អត្ថបទ៖ ណារ៉ែន