អ្នកនយោបាយហុងកុងគ្រោងផ្តល់ប្រាក់ឲ្យពលរដ្ឋខ្លួនម្នាក់ ១,០០០ ដុល្លារ ដើម្បីឲ្យពួកគេសប្បាយចិត្ត ហើយរំសាយកំហឹងបាតុកម្ម
កាលពីពេលថ្មីៗនេះ អ្នកនយោបាយហុងកុង បានណែនាំឲ្យផ្តល់ប្រាក់ចំនួន ៨,០០០ ដុល្លារហុងកុង (១,០០០ ដុល្លារអាមេរិក) នៅកាន់ប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាងមុន។ ការប្រកាសនេះបានធ្វើឡើងក្រោយមានប្រជាពលរដ្ឋហុងហុងរាប់ម៉ឺននាក់មិនសប្បាយចិត្តជាមួយរដ្ឋាភិបាល ហើយបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលពេញទីក្រុងតែម្តង។ ការសម្រេចផ្តល់ប្រាក់យ៉ាងច្រើននេះ ក៏ត្រូវបានគេមើលឃើញថា ដើម្បីទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជាតិនៅក្នុងពេលខាងមុខផងដែរ។
រដ្ឋាភិបាលហុងកុងដែលមានទំនោរគាំទ្រទីក្រុងប៉េកាំងមួយនេះបានបញ្ជាក់ផងដែរថា ប្រាក់ដែលផ្ដល់ជូនប្រជាពលរដ្ឋនេះមិនអាចដោះស្រាយគ្រប់បញ្ហារបស់ប្រជាពលរដ្ឋបានភ្លាមៗនោះទេ តែវាអាចជួយកាត់បន្ថយបញ្ហាខ្លះៗរបស់ប្រជាពលរដ្ឋបានមួយផ្នែក ហើយរដ្ឋាភិបាលបានសន្យាថា នឹងបន្តដោះស្រាយគ្រប់បញ្ហារបស់ប្រជាពលរដ្ឋបន្តិចម្តងៗតាមដំណាក់កាល ដើម្បីរក្សាសន្តិភាព និងស្ថេរភាពក្នុងក្រុងហុងកុង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅទាន់ដឹងច្បាស់ថា ប្រជាពលរដ្ឋព្រមទទួលយកលុយពីរដ្ឋាភិបាលហើយឈប់ធ្វើបាតុកម្មឬយ៉ាងណានោះទេ ដោយជាក់ស្តែងគេនៅតែមើលឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើននៅតវ៉ាពេញទីក្រុងនៅឡើយ៕
អត្ថបទ៖ ភក្តី