តំបន់វាលធំ នៅរតនគិរី មានទេសភាពស្រស់ត្រកាល អាចបោះជំរុំ ឬ ស្នាក់នៅភូមិបងប្អូនជនជាតិភាគតិច សាកសមសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង
តំបន់វាលធំ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ដែលភ្ញៀវទេសចរណ៍ភាគច្រើនតែងតែប្រាថ្នាចង់ទៅលេង ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី និងមានភ្ញៀវទេសចរអន្តរជាតិ នៅតែបន្តមកលេងតំបន់វាលធំ កាន់តែច្រើនឡើងៗ។ តំបន់វាលធំជាតំបន់អេកូទេសចរធម្មជាតិមួយស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងស្រុកចំនួន០២គឺ ស្រុកតាវែង និងស្រុកវើនសៃ។
ចំពោះភ្ញៀវទេសចរណ៍ដែលចង់ចូលកម្សាន្តនឹងត្រូវមានមន្រ្តីឧទ្យានុរក្សជាអ្នកនាំភ្ញៀវទៅទស្សនា ភ្ញៀវទេសចរអាចចូលទស្សនាកំសាន្តដោយថ្មើរជើង រយៈពេល៧ថ្ងៃឬ៥ថ្ងៃ គឺផ្តើមចេញដំណើរពីក្រុងបាន (មន្ទីរបរិស្ថាន/រតនគិរី ឆ្ពោះទៅស្រុក តាវែងមានចម្ងាយប្រហែល៦៥គីឡូម៉ែត្រនៅពេល ទៅដល់រួចហើយក៏ធ្វើ ឬដំណើរបន្ត ទៅភូមិទំពួនរឿងតូច / ភូមិ ផ្យាង(ភូមិបងប្អូនជនជាតិដើមភាគតិច/ព្រៅ) ។ ពេលខ្លះយើងអាចស្នាក់នៅភូមិ១យប់សិន ឬក៏ ធ្វេីដំណើរបន្តរហូតដល់បន្តបោះជំរុំ ក្នុងព្រៃតែម្តង វាអាស្រ័យលើភ្ញៀវពួកគាត់មានពេលយូរ ឬរយៈពេលខ្លី។
-ថ្ងៃទី១ ចាប់ផ្តើមចេញដំណើរពី មន្ទីរបរិស្ថានឆ្ពោះទៅស្រុកតាវែង(ស្នាក់នៅភូមិបងប្អូនជនជាតិភាគតិច១យប់)។
-ថ្ងៃទី២ បោះជំរុំក្នុងព្រៃ(ឧទ្យានជាតិវីរៈជ័យ)។
-ថ្ងៃទី៣ បោះជំរុំនៅ (ភ្នំ វាលធំ)។
-ថ្ងៃទី៤ ដើរកំសាន្តជុំវិញភ្នំវាលធំ(បោះជំរុំកន្លែងដដែល)។
-ថ្ងៃទី៥ ត្រឡប់មកវិញគឺធ្វើដំណើរចេញពីភ្នំវាលធំ ឆ្ពោះទៅទឹកធ្លាក់(អូរអំប៊ុត/អូរប៉ង់)បោះជំរុំ រហូតដល់ភូមិកោះនៅទីនោះ១យប់។
-ថ្ងៃទី៦ ចេញដំណើរពី ទឹកធ្លាក់ឆ្ពោះទៅភូមិ កោះប៉ង់ហើយស្នាក់ភូមិកោះប៉ង់តែម្តង។
-ថ្ងៃទី៧ ជាថ្ងៃចុងក្រោយ គឺធ្វើដំណើរតាមទូកចុះទៅស្រុកវើនសៃរួចហើយដំណើរត្រឡប់ទៅខេត្តវិញ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមជ្ឈមណ្ឌលអេកូទេសចរណ៍ធម្មជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរីបាន៕









ប្រភព៖ មន្ទីរបរិស្ថាន ខេត្តរតនគិរី