ក្មេងប្រុសម្នាក់រកឃើញហ្វូស៊ីលស៊ុតដាយណូស័រ ដែលមានអាយុកាល ៦៦លានឆ្នាំ ខណៈកំពុងរត់លេងនៅក្រៅជាមួយម្ដាយ
បើយោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្មេងប្រុសស្រឡាញ់ខាងវិទ្យាសាស្ដ្រម្នាក់ ដែលមានឈ្មោះថា Yangzhe គាត់បានរកឃើញហ្វូស៊ីលស៊ុត និងសម្បុកដាយណូស័រដោយចៃដន្យ ខណៈពេលកំពុងរត់លេងនៅក្រៅផ្ទះជាមួយនឹងម្ដាយ។ យ៉ាងណាមិញក្រុមអ្នកជំនាញជឿថា ស៊ុតចំនួន ១១ ដែលមានប្រវែង ៣.៥អ៉ីញ ទាំងនេះមានអាយុកាល ៦៦លានឆ្នាំ ទៅចុងសម័យ Cretaceous មុនពេលដែលពួកវាត្រូវបានផុតពូជទៅវិញ។

កុមារាជាសិស្សថ្នាក់ទី៣ ម្នាក់នេះបាននិយាយថា មុនដំបូងគាត់បានឃើញដុំថ្មចម្លែកនៅក្នុងដី ប៉ុន្តែបន្ទាប់ពីបានពិនិត្យវត្ថុទាំងនោះផ្ទាល់នឹងភ្នែក គាត់ក៏យល់ថាវាជាស៊ុតដាយណូស័រ។ ក្រោយមកក្រុមអ្នកជំនាញក៏បានរកឃើញស៊ុតចំនួន ១០គ្រាប់ ផ្សេងទៀតនៅទីតាំងដដែលក្បែរនោះ។ បើយោងតាមសម្តីម្ដាយរបស់ Yangzhe បាននិយាយថា កូនប្រុសរបស់គាត់ស្រឡាញ់ខាងវិទ្យាសាស្ត្រនេះណាស់ ហើយថែមទាំងចង់ចាំនូវរូបរាងសំបកស៊ុតដាយណូស័រ ដែលរូបគេធ្លាប់បានមើលឃើញនៅឯសារមន្ទីរទៀតផង។
ចំណែកអ្នកជំនាញរបស់សារមន្ទីរដាយណូស័រ Heyuan ក៏បានបញ្ជាក់ថា ថ្មចម្លែកទាំងនោះពិតជាហ្វូស៊ីលស៊ុតដាយណូស័រពិតមែន។ ហើយស៊ុតទាំងនោះក៏ត្រូវបានគេនាំទៅសារមន្ទីរដាយណូស័រផងដែរ សម្រាប់ការស្រាវជ្រាវបន្ថែមដើម្បីកំណត់ប្រភេទពូជរបស់វា។







អត្ថបទ៖ លីដា