ភ័យមិនស្ទើរទេ! ផ្ទុះឆេះ PowerBank របស់អ្នកទេសចរម្នាក់ នៅមុខព្រលានយន្តហោះឈៀងម៉ៃ សំណាងមិនមានអ្នករងរបួស
Power Bank មួយបានផ្ទុះឆេះឡើងនៅមុខអាកាសយានដ្ឋានឈៀងម៉ៃ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ។ ឧបទ្ទវហេតុនេះត្រូវបានគេឱ្យដឹងថា គឺដោយសារតែ Power Bank របស់អ្នកទេសចរម្នាក់ ដែលកំពុងឈរនៅពីមុខអាកាសយានដ្ឋាន។ ប្រភពបាននិយាយថា ដំបូងពួកគេបានឃើញអ្នកដំណើរកំពុងស្ពាយកាបូបមួយ ហើយក្រោយមកវាស្រាប់តែចាប់ផ្ដើមផ្ទុះឆេះតែម្ដង។ បន្ទាប់មកអ្នកទេសចរម្នាក់នោះក៏បានសម្រេចចិត្តបោះកាបូបមានដាក់ Power Bank នោះចោល ដើម្បីចៀសវាងមានគ្រោះថ្នាក់។

ជាសំណាងល្អគ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ! ហើយបើតាមការស៊ើបអង្កេតរបស់មន្ត្រីប៉ូលិសពួកគេបានរកឃើញថា នៅក្នុងកាបូបរបស់អ្នកទេសចរម្នាក់នោះមិនមែនមានតែ Power Bank នោះទេ ពោលគឺមានទាំងដបទឹកអប់ទៀត។ នៅពេលដែលទឹកអប់នោះហូរប៉ះជាមួយនឹងថ្ម Lithium-ion ដែលមាននៅក្នុង Power Bank វាក៏បណ្ដាលឱ្យផ្ទុះឆេះ។ ដូច្នេះហើយសូមលោកអ្នកទាំងអស់គ្នា មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះថាប្រសិនបើវាផ្ទុះនៅក្នុងព្រលាន ឬនៅលើយន្តហោះ ពួកយើងមិនហ៊ានស្រមៃនោះទេ ថាវានឹងទៅជាយ៉ាងណា៕


អត្ថបទ៖ លីដា