ចេះតែឆ្ងល់បាត់គ្រឿងអលង្ការទៅណារកមិនឃើញ ដល់ពេលកូនឈឺយកទៅពេលមើល ឃើញក្នុងពោះកូនសុទ្ធតែគ្រឿងអលង្ការ មិនដឹងលេបតាំងពីពេលណា
គ្រឿងអលង្ការ និងកាក់ប្រមាណជា ១,៦ គីឡូក្រាម ត្រូវបានវេជ្ជបណ្ឌិតវះកាត់យកចេញពីក្នុងខ្លួនស្ត្រីម្នាក់ បន្ទាប់ពីនាងបានលេបវាចូលទៅក្នុងពោះអស់រយៈពេលជាយូរមក។ ស្ត្រីជាជនរងគ្រោះមានអាយុ ២៦ ឆ្នាំ រស់នៅក្នុងតំបន់ Birbhum នៃប្រទេសឥណ្ឌា ហើយនាងត្រូវបានគេរាយការណ៍ថា ជាមនុស្សដែលមានសតិមិនប្រក្រតីម្នាក់។ ក្រុមវេជ្ជបណ្ឌិតបានប្រើពេល ១ ម៉ោង និង ១៥ នាទី ដើម្បីធ្វើការវះកាត់នេះ ហើយអ្វីដែលគេបានរកឃើញនៅក្នុងពោះនាងនោះមានដូចជា ខ្សែកចំនួន ៦៩, ក្រវិលចំនួន ៨០, ក្រវិលសម្រាប់ពាក់ច្រមុះចំនួន ១១, បន្តោងចំនួន ៨ , កូនសោចំនួន ៤ នាឡិកាចំនួន ១, កងជើងចំនួន ៥, កាក់ប្រាក់ចំនួន ៩០ និងកាក់មាសចំនួន ២។
ក្នុងចំណោមគ្រឿងអលង្ការទាំងអស់នេះមានមួយចំនួនធ្វើអំពីមាស ផ្លាទីន និងប្រាក់ ហើយគ្រឿងអលង្ការទាំងអស់ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃសរុបចំនួន ៦៦,០០០ ដុល្លារ។ ខាងក្រុមគ្រួសាររបស់ស្រ្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នាងជាមនុស្សម្នាក់ស្រលាញ់គ្រឿងអលង្ការណាស់ ហើយក្រោយពេលដែលនាងមានបញ្ហាខួរក្បាលមក នាងតែងលេបវាចូលទៅក្នុងពោះជារឿយៗ ហើយមុនពេលគេបញ្ជូននាងទៅដល់មន្ទីរពេទ្យនេះនាងឈឺពោះស្ទើរតែស្លាប់បាត់បង់ជីវិតទៅហើយ តែសំណាល្អវេជ្ជបណ្ឌិតអាចជួយសង្គ្រោះជីវិតនាងបានទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី


