រូបមន្តធ្វើម៉ាសធម្មជាតិ ៤ប្រភេទជួយឲ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាតដោយមិនចំណាយថវិកាច្រើន
ការថែរក្សាផ្ទៃមុខពិតជារឿងដ៏សំខាន់សម្រាប់មិត្តៗនារីគ្រប់រូប ដោយពេលខ្លះពួកគេចំនាយថវិកាអស់មិនតិចទេក្នុងមួយខែៗសម្រាប់គ្រឿងសម្អាងតុបតែង និងថែរក្សាផ្ទៃមុខ។ យ៉ាងណាមិញការប្រើប្រាស់គ្រឿងសម្អាងថ្លៃៗ ក៏មិនប្រាកដថាធ្វើឲ្យស្បែកមុខរបស់អ្នកស្រស់ស្អាត ១០០% ផងដែរ តែអ្នកអាចសាកល្បងប្រើប្រាស់វិធីធម្មជាតិក្នុងការថែរក្សាផ្ទៃមុខរបស់អ្នកបាន ដោយធ្វើជាម៉ាសធម្មជាតិជាមួយនិងវិធីងាយៗដូចខាងក្រោម៖
ទី១. ម៉ាស Oatmeal និង cocoa ៖ ដំបូងអ្នកត្រូវយក Oatmeal ដែលអាចរកទិញនៅតាមបណ្ដាផ្សារទំនើបផ្សេងៗ ដាក់ក្នុងចានតូចល្មមមួយចំនួន ១ស្លាបព្រា បន្ទាប់មកដាក់ម្សៅ cocoa ចូលកន្លះស្លាបព្រាដោយលាយជាមួយនិង ទឹកឃ្មុំ ១ស្លាបព្រារួចដាក់ ប្រេងដូងចូល កន្លះស្លាបព្រាទៀត ហើយកូរល្បាយទាំងនោះចូលគ្នាសព្វ បន្ទាប់មកលាបទៅលើផ្ទៃមុខរបស់អ្នកដោយទុករយៈពេល ២០នាទីហើយលាងចេញរួចជាការស្រេច។

ទី២. ម៉ាសល្ពៅ និងទឹកដោះគោ ៖ ចំពោះវិធីនេះអ្នកត្រូវយកផ្លែល្ពៅទៅស្ងោរនិងកិនឲ្យម៉ត់ បន្ទាប់មកដាក់ទឹកដោះគោចូលចំនួន ១ស្លាបព្រាហ រួចបន្ថែមទឹកឃ្មុំចូល ១ស្លាបព្រាបន្ថែមទៀតរួចកូរវាអោយសព្វ ដោយលាបទៅលើផ្ទៃមុខរបស់អ្នកហើយទុករយៈ ២០នាទីរួចលាងសម្អាតចេញ អ្នកគួរអនុវត្តឲ្យបាន ២ដងក្នុងមួយសប្ដាហ៍នឹងទទួលបានផ្ទៃមុខសម៉ត់រលោង។

ទី៣. តែបៃតង និងម្សៅអង្ករ ៖ វិធីមើលទៅដូចជាប្លែកសម្រាប់អ្នកបន្តិច ប៉ុន្តែផ្ដល់នូវលទ្ធផលសឹងតែមិនគួរឲ្យជឿដោយគ្រាន់តែយកទឹកតែចំនួន ២ស្លាព្រាមកលាយជាមួយនិង ម្សៅអង្ករ ២ស្លាបព្រា ដោយថែមជាមួយនិងទឹកក្រូចឆ្មា ១ស្លាបព្រា បន្ទាប់មកកូរវាឲ្យសព្វ ហើយលាបទៅលើផ្ទៃមុខទុករយៈពេល ២០នាទីអ្នកនឹងមានអារម្មណ៍កាន់តែស្រលាញ់ផ្ទៃមុខរបស់អ្នកកាន់តែខ្លាំងឡើងៗ។

ទី៤. ម៉ាស Cinnamon ជាមួយនិង តែ chamomile ៖ សម្រាប់ផ្ទៃមុខដែលមានស្នាមមុនច្រើនអាចសាកល្បងជាមួយម៉ាសប្រភេទនេះបាន ដោយយកម្សៅ Cinnamon កន្លះស្លាបព្រាលាយជាមួយនិងទឹកតែ chamomile ១ស្លាបព្រា ហើយបន្ថែមនូវទឺកដោះគោ ២ស្លាបព្រា និងទឹកឃ្មុំ ១/៤ ស្លាបព្រា កូរបញ្ចូលគ្នាឲ្យសព្វហើយលាបលើមុខរបស់អ្នកដោយទុករយៈពេលត្រឹមតែ ៣នាទីប៉ុណ្ណោះបន្ទាប់មកលាងសម្អាតជាមួយទឹកក្ដៅឧណ្ឌៗ រួចជាការស្រេច។
