ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភាពចលាចលនៅហុងកុងកាន់តែអាក្រក់ទៅៗ ដោយក្រុមបាតុករនៅតែបន្ដប្រឆាំងរដ្ឋាភិបាលឥតឈប់ឈរ

    BY autoadmin July 29, 2019
    ភាពចលាចលនៅហុងកុងកាន់តែអាក្រក់ទៅៗ ដោយក្រុមបាតុករនៅតែបន្ដប្រឆាំងរដ្ឋាភិបាលឥតឈប់ឈរ

    ភាពចលាចលនៅហុងកុងកាន់តែខ្លាំងឡើងៗ ចាប់តាំងពីបាតុករមួយចំនួនបានចាប់ផ្ដើមប៉ះទង្គិចជាមួយប៉ូលីស និងបានវាយលុកឈ្លានពានកាន់តែចាស់ដៃកាលពីថ្ងៃអាទិត្យ។ ការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់ត្រូវបានធ្វើឡើងនៅហុងកុង ដើម្បីប្រឆាំងលើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ ដែលជាច្បាប់នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលហុងកុងបញ្ជូនជនសង្ស័យទៅចិនដីគោក។ ហើយកាលពីថ្ងៃអាទិត្យនេះ មនុស្សរាប់ម៉ឺននាក់បានបន្ដធ្វើបាតុកម្មនៅឯសួនច្បារទីប្រជុំជនរបស់ក្រុង។ បន្ទាប់មកពួកគេដើរក្បួនតាមដងផ្លូវ ដើម្បីប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលីស និងការចាប់ខ្លួនបាតុករក្មេងៗដោយបង្ខំ។

    កាលពីថ្ងៃអាទិត្យក្រុមបាតុករដែលភាគច្រើនជាយុវជនបានប៉ះទង្គិចជាមួយប៉ូលីសនៅតាមទីតាំងជាច្រើននៅតាមដងផ្លូវទៅកាន់ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលចិន ក៏ដូចជានៅក្នុងសង្កាត់ពាណិជ្ជកម្មមួយ។ យុវជនខ្លះបានគប់ដុំឥដ្ឋទៅលើមន្រ្តីប៉ូលីស ហើយព្យាយាមរុញពួកគេចេញដោយការដុតភ្នក់ភ្លើង ខណៈប៉ូលីសក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងគ្រាប់ជ័រដើម្បីបំបែកបាតុករទាំងនោះ។ យ៉ាងហោចណាស់បាតុករ ៤៩នាក់ ត្រូវបានគេចាប់ខ្លួន ហើយការប្រឈមមុខដាក់គ្នាបានបន្តរហូតដល់ថ្ងៃចន្ទនេះ។

    រដ្ឋាភិបាលក្រុងហុងកុងនិយាយថា មនុស្សយ៉ាងតិចណាស់ ១៦នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចនេះ។ ហើយក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋាភិបាលក្រុងហុងកុងបានថ្កោលទោសចំពោះអំពើហឹង្សារបស់បាតុករមួយចំនួនដោយនិយាយថា ពួកគេបាននាំឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម។ រដ្ឋាភិបាលនិយាយថា ខ្លួនគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែលខ្លួនមើលឃើញថា ជាការអនុវត្តច្បាប់រឹងមាំដោយប៉ូលីស។ អារម្មណ៍នៃការអន់ចិត្តកំពុងកើនឡើងក្នុងចំណោមយុវវ័យហុងកុងប្រឆាំងនឹងរដ្ឋាភិបាល និងប៉ូលិស ហើយពួកគេក៏នឹងរៀបចំផែនការដើម្បីប្រមូលផ្តុំគ្នាប្រចាំសប្តាហ៍រហូតដល់ពាក់កណ្តាលខែសីហា៕

    អត្ថបទ៖ លីដា

    Share This Post: