ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បាននិយាយថា បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ សុទ្ធតែអាចបង្កហានិភ័យ ទោះបីវាមានកម្រិតជាតិពុលទាបជាងការជក់បារីក៏ដោយ

    BY autoadmin July 29, 2019
    WHO បាននិយាយថា បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ សុទ្ធតែអាចបង្កហានិភ័យ ទោះបីវាមានកម្រិតជាតិពុលទាបជាងការជក់បារីក៏ដោយ

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ មិនបានជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកអ្វីនោះទេ ដោយការអះអាងនេះគឺដើម្បីជំរុញឱ្យអ្នកជក់បារី និងរដ្ឋាភិបាល កុំទុកចិត្តលើការអះអាងរបស់ក្រុមហ៊ុនបារីអំពីផលិតផលថ្មីៗរបស់ពួកគេពេក។ របាយការណ៍ ទី៧ របស់អង្គការសុខភាពពិភពលោកស្តីពីការរីករាលដាលនៃការជក់បារីនៅទូទាំងពិភពលោកបាននិយាយថា ការទប់ស្កាត់ការជ្រៀតជ្រែករបស់ឧស្សាហកម្មនេះ គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំជក់។

    ការកើនឡើងប្រជាប្រិយភាពនៃបារីអេឡិចត្រូនិកដែលជាឧបករណ៍ប្រើថាមពលថ្ម ដែលជួយឱ្យអ្នកប្រើស្រូបចូលនូវជាតិនីកូទីនញៀន បានធ្វើឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក អំពីការញៀនប្រភេទថ្មីសម្រាប់មនុស្សវ័យក្មេង។ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ខណៈដែលបារីអេឡិចត្រូនិក (Vaping) ធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមមុខនឹងកម្រិតជាតិពុលទាបជាងការជក់បារីក៏ដោយ ឧបករណ៍នេះនៅតែបង្កឱ្យមានហានិភ័យដល់សុខភាពដល់អ្នកប្រើប្រាស់។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ទោះបីជាកម្រិតជាក់លាក់នៃហានិភ័យដែលទាក់ទងនឹងប្រព័ន្ធចែកចាយសារធាតុជាតិនីកូទីនអេឡិចត្រូនិក (Electronic Nicotine Delivery Systems) មិនទាន់ត្រូវបានគេប៉ាន់ប្រមាណទុកជាមុននោះក៏ដោយ ក៏ ENDS ពិតជាមានគ្រោះថ្នាក់ ហើយដូច្នេះវាគួរតែត្រូវមានបទបញ្ជាត្រឹមត្រូវ៕

    អត្ថបទ៖ លីដា

    Share This Post: