ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមចាប់បានមេភ្នាល់ និងអ្នកភ្នាល់ល្បែងអនឡាញជនជាតិចិនជិត ៤០០នាក់ នៅក្នុងការវាយឆ្មក់ដ៏ធំបំផុតមួយ

    BY autoadmin July 29, 2019
    វៀតណាមចាប់បានមេភ្នាល់ និងអ្នកភ្នាល់ល្បែងអនឡាញជនជាតិចិនជិត ៤០០នាក់ នៅក្នុងការវាយឆ្មក់ដ៏ធំបំផុតមួយ

    វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា នេះថា ជនជាតិចិនជាង ៣៨០នាក់ ត្រូវបានឃាត់ខ្លួន អំឡុងការវាយឆ្មក់មួយទៅលើកន្លែងល្បែងស៊ីសងនៅក្នុងប្រទេសវៀតណាម ដែលក្រុមប៉ូលីសអះអាងថា វាគឺជាកន្លែងប្រតិបត្តិការភ្នាល់ដ៏ធំបំផុតដែលគ្រប់គ្រងដោយជនបរទេស។ ជាការពិតទម្រង់លេងល្បែងគ្រប់ប្រភេទភាគច្រើនគឺខុសច្បាប់សម្រាប់វៀតណាម ប៉ុន្តែប្រទេសនេះបានក្លាយជាទីកន្លែងល្បែងអនឡាញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន និងកោះតៃវ៉ាន់។

    បើយោងតាមទូរទស្សន៍វៀតណាមបាននិយាយថា មន្ត្រីប៉ូលីសប្រមាណ ៥០០នាក់ នៅកំពង់ផែភាគខាងជើងក្រុង Hai Phong បានឆ្មក់ចូលទៅចាប់ទីកន្លែងភ្នាល់អនឡាញមួយ ដែលគ្រប់គ្រងដោយជនជាតិចិន កាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ថ្មីៗនេះ។ ទីកន្លែងនោះមានឈ្មោះថា «Our City» ដែលមានបន្ទប់ជាច្រើនត្រូវបានប្រើប្រាស់ ដើម្បីធ្វើការភ្នាល់លើអ៊ីនធឺរណិត មានតម្លៃជាង ៤០០លានដុល្លារអាមេរិក។

    របាយការណ៍បាននិយាយថា៖ «ករណីនេះត្រូវបានគេចាត់ទុកថាធំបំផុតមិនធ្លាប់មានពីមុនមក ទាក់ទងនឹងទំហំ និងចំនួនជនបរទេស ដែលរំលោភច្បាប់នៅលើដីរបស់ប្រទេសវៀតណាម»។ ប្រភពក៏បានបន្ថែមផងដែរថា ជនជាតិចិនចំនួន ៣៨០នាក់ បានភ្នាល់តាមអ៊ីនធឺរណែតពីមេភ្នាល់ចិនទៅលើការភ្នាល់កីឡា និងឆ្នោតដោយខុសច្បាប់។ ប្រភពដដែលក៏បានឱ្យដឹងដែរថា ប៉ូលីសបានរឹបអូសទូរសព្ទបានជិត ២,០០០គ្រឿង, កុំព្យូទ័រចំនួន ៥២០គ្រឿង, កាតធនាគារ និងសាច់ប្រាក់ជាច្រើន៕

    អត្ថបទ៖ លីដា

    Share This Post: