ជនល្មើសដែលបាញ់សម្លាប់មនុស្ស នៅឯពិធីបុណ្យអាហារនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានទិញកាំភ្លើងមកប្រើដោយស្របច្បាប់ និងមានអាយុត្រឹមតែ ១៩ឆ្នាំ ប៉ុណ្ណោះ
ប៉ូលីសនិយាយថា ជនដែលបាញ់សម្លាប់មនុស្សយ៉ាងសាហាវនៅឯពិធីបុណ្យអាហារនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គឺជាក្មេងប្រុសអាយុ ១៩ឆ្នាំ ។ ប៉ុន្តែយ៉ាងណាក៏ដោយខាងប៉ូលីសនៅមិនទាន់ស៊ើបរកឃើញមូលហេតុ ដែលធ្វើឱ្យជនល្មើសម្នាក់នេះបាញ់បោះសម្លាប់មិនរើសមុខបែបនេះទេ។ ជនល្មើសត្រូវបានគេឱ្យដឹងថា បានចូលទៅក្នុងពិធីបុណ្យអាហារ (Gilroy Garlic Festival) ក្នុងទីក្រុង Gilroy កាលពីថ្ងៃអាទិត្យ និងបាញ់ទៅលើហ្វូងមនុស្សដោយមិនរើសមុខនោះទេ ពោលគឺឃើញអ្នកណា បាញ់អ្នកហ្នឹង។ ជនរងគ្រោះ ៣នាក់ ត្រូវបានសម្លាប់ និង ១២នាក់ ផ្សេងទៀតបានរងរបួស ខណៈជនល្មើសត្រូវបានប៉ូលីសបាញ់សម្លាប់នៅកន្លែងកើតហេតុ។

មន្រ្តីប៉ូលីសបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា ជនសង្ស័យរស់នៅក្នុងទីក្រុង Gilroy នេះផ្ទាល់ និងបានប្រើប្រាស់កាំភ្លើងវែង (assault-type rifle) សម្រាប់ការបាញ់ប្រហារនេះ។ របាយការណ៍ក៏បានបង្ហាញថា ជនរងគ្រោះដែលត្រូវបានគេសម្លាប់រួមមាន៖ ក្មេងប្រុសអាយុ ៦ឆ្នាំ ក្មេងស្រីអាយុ ១៣ឆ្នាំ និងបុរសម្នាក់អាយុ ២០ឆ្នាំ។ សាក្សីបាននិយាយថា មានជនទី២ ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ប៉ុន្តែប៉ូលីសមិនបានបញ្ជាក់ថា ជនទី២ មានជាប់ពាក់ព័ន្ធនោះទេ។ មន្រ្តីប៉ូលីសក៏បាននិយាយផងដែរថា ជនល្មើសដែលជាយុវជនអាយុ ១៩ឆ្នាំ នេះបានទិញកាំភ្លើងដោយស្របច្បាប់ នៅឯរដ្ឋ Nevada កាលពីថ្ងៃទី៩ ខែកក្កដា ហើយរូបគេកំពុងស្នាក់នៅជាមួយក្រុមគ្រួសារ នៅជិតកន្លែងដែលពិធីបុណ្យត្រូវបានគេប្រារព្ធឡើងតែម្ដង៕



អត្ថបទ៖ លីដា