ជនដៃដល់ ដែលយកដំបងដែកជ្រុង វាយជនរងគ្រោះនៅមុខហាងថតរូបល្អពេញចិត្ត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ
នៅទីបំផុតជនសង្ស័យដែលវាយជនរងគ្រោះ នៅហាងថតរូបល្អពេញចិត្ត ព្រោះរឿងប្រចណ្ឌប្រពន្ធរបស់ខ្លួន ជាមួយជនរងគ្រោះ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ។ ដោយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១រសៀលនេះ ក្រុមប្រតិបត្តិការចម្រុះរួមមាន នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន សហការជាមួយ នគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យ នៅចំណុច ខាងត្បូងភ្នំយាយសំ ភូមិទួលពង្រ ឃុំទួលពង្រ ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះ ឈុន ឌីម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ដែលបានប្រព្រឹត្តបទល្មើស ឃាតកម្ម (វាយនឹងដំបងដែកជ្រុងបណ្តាលអោយជនរងគ្រោះស្លាប់) កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី នៅចំណុច ផ្ទះលេខ១៤៣ ផ្លូវ២៨៦ ក្រុមទី៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ផុន សាលីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ បុគ្គលិកហាងថតរូបល្អពេញចិត្ត ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី ។ គួររំលឹកថានៅមុនពេលកើតហេតុ ពេលជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទលេង ក៏ស្រាប់តែជនសង្ស័យ បានដើរមកពីក្រោយ យក ដំបងដែកជ្រុង វាយក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឱ្យបែកចេញឈាមដួលសន្លប់ ហើយសង្ស័យក៏បានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ រួចបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបន្តទៅប្រទេសវៀតណាម រួចក៏ស្លាប់បាត់បង់ជីវិតនៅប្រទេសវៀតណាម ហើយក៏ត្រូវបានដឹកត្រឡប់មកវិញយកទៅធ្វើបុណ្យនៅឯខេត្តតាកែវ ។ មូលហេតុដែលជនសង្ស័យវាយជនរងគ្រោះបណ្ដាលឲ្យស្លាប់ គឺដោយសារជនសង្ស័យប្រច័ណ្ឌ ជនរងគ្រោះជាមួយនឹងប្រពន្ធរបស់ខ្លួន ៕





ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ