កូរ៉េខាងជើងបាញ់មីស៉ីល ២គ្រាប់ ជាថ្មីម្ដងទៀត ដើម្បីជាការព្រមានដល់ក្រុងសេអ៊ូល ជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក
កូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៉ីលផ្លោងចំនួន ២គ្រាប់ ចូលទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃពុធនេះ ពីតំបន់ជុំវិញទីក្រុងវ៉ុនសានភាគខាងកើត។ ក្រុមមន្រ្តីនិយាយថា មីស៉ីលត្រូវបានបាញ់នៅម៉ោង ៥ និង ៦នាទីព្រឹក និងម៉ោង ៥ និង ២៧នាទីព្រឹក (ម៉ោងក្នុងស្រុក)។ មីស៉ីលនីមួយៗ ត្រូវបានបាញ់ទៅចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់ប្រហែល ៣០គីឡូម៉ែត្រ។ ហើយទាំងយោធាកូរ៉េខាងត្បូង និងអាមេរិកកំពុងប្រមូល និងវិភាគទិន្នន័យលើគ្រាប់មីស៊ីលទាំងនោះ។

គួរឱ្យដឹងដែរថា កូរ៉េខាងជើងក៏ទើបតែបានបាញ់មីស៉ីលផ្លោងចម្ងាយជិតចំនួន ២ដើម ពីតំបន់វ៉ុនសាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរ។ មីស៉ីលនីមួយៗបាញ់ទៅចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ចូលសមុទ្រជប៉ុន។ ក្រោយមកទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានបាញ់អាវុធយុទ្ធសាស្ត្រថ្មីមួយប្រភេទ ដើម្បីជាការព្រមានដល់ក្រុងសេអ៊ូលជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ ការចាប់ផ្តើមនៅថ្ងៃពុធនេះក៏អាចជាការព្រមានប្រឆាំងនឹងសមយុទ្ធ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទក្រោយនេះដូចគ្នា។
កាលពីខែមុនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបគ្នាជាលើក ទី៣ នៅភូមិ Panmunjom ហើយបានយល់ព្រមបន្តកិច្ចពិភាក្សានុយក្លេអ៊ែរឡើងវិញក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍។ ប៉ុន្តែរឿងនេះមិនបានកើតឡើងជាងមួយខែមកហើយ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 រួច។ យ៉ាងណាមិញមន្ត្រីអាមេរិក កំពុងធ្វើដំណើរទៅចូលរួមវេទិកាថ្នាក់តំបន់អាស៊ាននៅទីក្រុងបាងកកនៅថ្ងៃសុក្រនេះ។ ប៉ុន្តែចំណុចសំខាន់មួយគឺថា តើប្រទេសទាំងពីរនឹងធ្វើកិច្ចចរចានៅខាងក្រៅការប្រជុំដែរ ឬទេ? អ្នកខ្លះប៉ាន់ស្មានថា ការបាញ់បង្ហោះមីស៉ីលចុងក្រោយ អាចជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិកមុនកិច្ចប្រជុំអាស៊ាន៕


អត្ថបទ៖ លីដា