ថៃនឹងអនុញ្ញាតឱ្យសត្វសុនកនាំផ្លូវ ចូលទៅតាមបណ្ដាឧទ្យាន ផ្សារទំនើប និងមន្ទីរពេទ្យ ក្នុងគោលបំណងដើម្បីសម្រួលដល់ជនពិការភ្នែក
អភិបាលក្រុងលោក Aswin Kwanmuang បានប្រកាសកាលពីម្សិលមិញថា សត្វសុនកនាំផ្លូវនឹងត្រូវបានស្វាគមន៍ឱ្យចូលទៅតាមបណ្ដាឧទ្យាន មន្ទីរពេទ្យ អគាររដ្ឋាភិបាល និងមជ្ឈមណ្ឌលទំនិញផ្សេងៗ ក្នុងគោលបំណងដើម្បីបម្រើដល់ជនពិការភ្នែក។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលបានសម្របសម្រួលជាមួយភ្នាក់ងារដែលពាក់ព័ន្ធ ដើម្បីមើលលើការផ្លាស់ប្ដូរថ្មីនេះ បន្ទាប់ពីវាបានក្លាយជាបុព្វហេតុមួយ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈជន ពីសំណាក់អ្នកធ្វើយុទ្ធនាការម្នាក់។

អនុលោមតាមច្បាប់ស្តីពីសិទ្ធិជនពិការរបស់ថៃ លោក Aswin បាននិយាយថា ទីក្រុងនឹងទទួលស្វាគមន៍ជាផ្លូវការនូវមគ្គុទេសក៍សត្វសុនក ដែលមានការបណ្តុះបណ្តាល និងការបញ្ជាក់ច្បាស់លាស់។ លោកក៏បានប្រកាសផងដែរថា សាលារាជធានីនឹងធ្វើការជាមួយមជ្ឍមណ្ឌលបណ្តុះបណ្តាល Police K-9 Training ដើម្បីចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាល ដែលមានច្បាប់ត្រឹមត្រូវសម្រាប់សត្វឆ្កែនាំផ្លូវ និងផ្តល់នូវវិញ្ញាបនប័ត្រនៅពេលពួកវាឆ្លងកាត់ការបណ្តុះបណ្តាលរួច។
បញ្ហានេះត្រូវបានជំរុញឱ្យមានការចាប់អារម្មណ៍កាលពីដើមខែនេះ ដោយសារការធ្វើយុទ្ធនាការរបស់នារីម្នាក់ ជាមួយនឹងគូកនជាសុនករបស់នាង។ នារីម្នាក់នោះមានឈ្មោះថា Kirin Techawongtham នាងបានចាប់យកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន បន្ទាប់ពីនាងបានចាប់ផ្តើមយុទ្ធនាការតាមអ៉ិនធឺរណិតកាលពីខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមគ្គុទេសក៍សត្វសុនក តាមរយៈបទពិសោធន៍របស់នាងជាមួយឆ្កែពូជ Labrador ដែលមានអាយុ ៣ឆ្នាំ ឈ្មោះ Luther ។
Kirin បាននិយាយថា នាងបានបាត់បង់ការមើលឃើញនៅអាយុ ១៣ឆ្នាំ ដោយសារដុំសាច់ក្នុងខួរក្បាល។ ហើយកាលពី ២ឆ្នាំមុន នៅពេលដែលនាងចូលរៀននៅសកលវិទ្យាល័យនៅរដ្ឋ Arkansas សហរដ្ឋអាមេរិក នាងក៏ទទួលបាន Luther ពីអង្គការមិនស្វែងរកប្រាក់ចំណេញមួយ នៅទីក្រុងញូវយ៉ក។ ចាប់តាំងពីបានបញ្ចប់ការសិក្សានៅខែឧសភា និងផ្លាស់ត្រឡប់មកប្រទេសថៃវិញ នាងយល់ថា នាងត្រូវតែលើកកម្ពស់ការយល់ដឹងអំពីមគ្គុទេសក៍សត្វសុនក ដើម្បីសម្រួលដល់ជនពិការភ្នែក៕








អត្ថបទ៖ លីដា