មិននឹកស្មានសោះថា គ្រាន់តែការធុំក្លិន ក៏អាចធ្វើឲ្យមានការប៉ះពាល់ផ្សេងៗដល់អារម្មណ៍យើងបានដែរ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងថាតើអារម្មណ៍នៃការធុំក្លិនអាចប៉ះពាល់ដល់ខួរក្បាល ហើយផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកចំពោះរឿងអ្វីមួយបានយ៉ាងដូចម្ដេចខ្លះ ៖
១. វាបង្កើនរសជាតិ ៖ ញ្ញាណនៃរសជាតិដូចជាអណ្ដាត គឺជួយបង្ហាញឲ្យយើងដឹងថាតើ អាហារណាដែលមានរសជាតិប្រៃ ល្វីង ជូរ ផ្អែម ឬភ្លាវ។ ចំណែកឯច្រមុះវិញ ក៏ទទួលបន្ទុកក្នុងការបង្ហាញឲ្យយើងអាចដឹងថាតើអាហារណាមួយនោះមានរសជាតិឆ្ងាញ់ ឬក៏អត់។ ច្រមុះស្រូបក្លិននៃអាហារ ខណៈពេលដែលយើងទទួលទាន រួចចាប់ផ្ដើមធ្វើការបញ្ជូនដំណឹងទៅកាន់ខួរក្បាលដែលរួមបញ្ចូលគ្នារវាងរសជាតិដែលសសៃប្រសាទបានទទួល ហើយក៏បង្កើនបទពិសោធន៍នៃរសជាតិមួយ។

២. វាធ្វើឲ្យអ្នកមានអារម្មណ៍ត្រូវបានទាក់ទាញ ៖ មនុស្សភាគច្រើនសម្រេចចិត្តទិញទឹកអប់ ក៏ព្រោះតែដើម្បីធ្វើឲ្យខ្លួនឯងកាន់តែមានភាពគួរឲ្យទាក់ទាញ។ ប៉ុន្តែអ្វីដែលយើងមិនដឹងនោះគឺថា ក្លិនទឹកអប់ដែលមាននៅលើខ្លួនយើងមិនត្រឹមតែទាក់ទាញបាននូវអារម្មណ៍របស់អ្នកដទៃប៉ុណ្ណោះទេ។ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្លិនទឹកអប់ដែលយើងបានបាញ់ក៏ធ្វើឲ្យយើងខ្លួនឯងក្លាយជាមានទំនុកចិត្តកាន់តែច្រើនជាងមុនផងដែរ នោះហើយជាអ្វីដែលបានទាក់ទាញអារម្មណ៍របស់យើង។

៣. វាធ្វើឲ្យយើងមានអារម្មណ៍ថាដូចបានឆ្លងកាត់ពេលវេលា ៖ ការធុំក្លិនអាចធ្វើឲ្យកើតមានការចងចាំឡើងវិញ ឬការនឹកដល់ពេលវេលានៃអនុស្សាវរីយ៍ណាមួយបានដោយវាផ្សារភ្ជាប់ទៅនឹងការចងចាំផ្សេងៗពីគ្នា។ វាអាចផ្ដល់ឲ្យយើងនូវអារម្មណ៍មួយដូចបានត្រឡប់ទៅកាន់ពេលវេលាណាមួយនោះម្ដងទៀត។ មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ក្លិនអាចធ្វើឲ្យមានអារម្មណ៍ចងចាំបានខ្លាំងជាងរូបភាពទៅទៀត។ ខណៈពេលដែលយើងអាចបាត់បង់ការចងចាំ ឬភ្លេចសកម្មភាពណាមួយដែលអាចមើលឃើញផ្ទាល់នឹងភ្នែកអស់ប្រមាណជា ៥០ភាគរយឯណោះក្នុងរយៈពេលត្រឹមតែប៉ុន្មានខែក្រោយមកនោះ ការចងចាំនៃក្លិននៅតែមិនបាត់បង់ ឬភ្លេចបើទោះជាពេល ១ឆ្នាំ បានកន្លងផុតទៅក៏ដោយ។

៤. វាប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នក ៖ ក៏ដូចជាការនាំមកវិញនូវការចងចាំណាមួយ ក្លិនក៏អាចធ្វើអោយអារម្មណ៍ផ្សេងៗរបស់យើងកើតមានឡើងដែរ។ វាកើតឡើងទៅលើកម្រិតនៃគំនិត ឬការគិតដោយមិនដឹងខ្លួនរបស់យើង។ ពេលខ្លះយើងមិនអាចយល់ទេថាតើហេតុអ្វីបានជាយើងស្រាប់តែប្រែទៅជាមានអារម្មណ៍ខឹង ឬរសាប់រសល់ ព្រួយបារម្ភ ភ្លាមៗ។ បញ្ហានេះអាចត្រូវបានដោះស្រាយតាមរយៈក្លិនក្រអូប។ ក្លិនក្រអូបផ្សេងៗជាច្រើនដែលអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល និងសប្បាយឡើងវិញ។

៥. វាអាចធ្វើឲ្យអ្នកប្រែជាគិតច្រើន ឬធ្លាក់ទឹកចិត្ត ៖ ចំពោះអ្នកដែលមិនអាចធុំក្លិនអ្វី ឬបាត់បង់នូវសមត្ថភាពធុំក្លិនផ្សេងៗ គឺជាមនុស្សដែលប្រឈមមុខខ្ពស់បំផុតទៅនឹងហានិភ័យនៃការធ្លាក់ទឹកចិត្ត។ វាកើតឡើងដោយសារតែការផ្សារភ្ជាប់យ៉ាងខ្លាំងក្លារវាងក្លិន និងអារម្មណ៍។ សមត្ថភាពនាំមកវិញនូវការចងចាំ និងអារម្មណ៍ គឺត្រូវបានកំណត់ដោយសមត្ថភាពនៃការទទួលបាន ឬធុំនូវក្លិនក្រអូបផ្សេងៗ។ កង្វះញ្ញាណនៃក្លិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺវិកលចរិក។

៦. វាធ្វើឲ្យអ្នកមានអារម្មណ៍ផ្សេងៗ ៖ ត្រឹមតែក្លិនចេញពីមនុស្សម្នាក់ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ ខ្លាច រីករាយត្រេកអរ ចង់បាន និងអារម្មណ៍ជាច្រើនទៀតបានដែរ។ វាកើតឡើងដោយសារតែញើស និងទឹកភ្នែករបស់មនុស្សមានផ្ទុកសញ្ញាគីមី chemosignals ។ chemosignals មួយៗមានឥទ្ធិពលធ្វើឲ្យផ្នែកផ្សេងៗនៃខួរក្បាលមានភាពសកម្មឡើង។ ដូច្នេះប្រសិនបើមនុស្សម្នាក់ភ័យខ្លាចញើសរបស់គាត់នឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលរបស់គាត់ថាគាត់មានអារម្មណ៍បែបនេះដែលបណ្តាលឲ្យផ្នែកភ័យខ្លាចនៃខួរក្បាលសកម្មឡើង។

៧. វាអាចធ្វើឲ្យអ្នកទិញកាន់តែច្រើន ៖ យើងអាចហៅវាបានថា ក្លិនដែលលាងសម្អាតខួរក្បាលតាមរយៈច្រមុះ។ ហាងលក់រថយន្តមួយចំនួនបានដាក់ក្លិនរថយន្តថ្មីបន្ថែមទៀតនៅក្នុងយានជំនិះរបស់ពួកគេដើម្បីជាការបង្កើនដល់អារម្មណ៍ឲ្យយើងកាន់តែចង់ទិញ។ ហាងមួយចំនួនដូចជាហាងកាហ្វេ ឬនំប័ុងដាក់ក្លិនឈ្ងុយនៅច្រកចូល ដូច្នេះយើងអាចនឹងដើរតាមក្លិនដោយមិនដឹងខ្លួនចូលក្នុងហាង ហើយទិញអ្វីមួយ៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside