ជប៉ុនបានសម្រេចដកកូរ៉េខាងត្បូងចេញពី “បញ្ជីស” របស់ពួកគេ ដែលវាកាន់តែបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ
នៅថ្ងៃសុក្រ ទី២ ខែសីហា នេះគណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តផែនការដកកូរ៉េខាងត្បូងចេញពីបញ្ជី «ប្រទេសដែលទទួលការគ្រប់គ្រងការនាំចេញតិចតួច» ឬ “បញ្ជីអាទិភាព” ដែលវិធានការណ៍ថ្មីនេះទំនងជានឹងបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ការសម្រេចដកកូរ៉េខាងត្បូងចេញពី “បញ្ជីស” ជាជំហានមួយដែលត្រូវបានតវ៉ាយ៉ាងខ្លាំងដោយទីក្រុងសេអ៊ូល បន្ទាប់ពីប្រទេសជប៉ុនបានរឹតបន្តឹងការនាំចេញទៅកូរ៉េខាងត្បូងនូវវត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់ចំនួន ៣ ដូចជា៖ បន្ទះឈីប មេម៉ូរី និងបន្ទះអេក្រង់។

លោក Hiroshige Seko រដ្ឋមន្រ្តីឧស្សាហកម្មជប៉ុនបាននិយាយថា គណៈរដ្ឋមន្រ្តីបានអនុម័តការផ្លាស់ប្តូរនេះរួចហើយ។ ប្រទេសជប៉ុនក៏បាននិយាយថា វិធានការណ៍នេះផ្អែកលើការព្រួយបារម្ភអំពីសន្តិសុខជាតិ ដោយលើកឡើងពីការគ្រប់គ្រងការនាំចេញមិនបានល្អរបស់កូរ៉េខាងត្បូង ក៏ដូចជាការលុបបំបាត់នូវភាពជឿទុកចិត្តគ្នា បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូងបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ពលករ ដែលធ្លាប់ត្រូវបានបង្ខំឱ្យធ្វើការនៅជំនាន់សង្គ្រាម៕

អត្ថបទ៖ លីដា