ទាំងនេះជាហេតុផលដែលនារីមួយចំនួនសុខចិត្តនៅឯកា មិនព្រមទទួលយកទំនាក់ទំនងស្នេហា
ការមានស្នេហាមិនមែនមានន័យថាស្រស់បំព្រង ជោគជ័យរហូតនោះទេ អ្នកខ្លះក៏ទទួលបានបទពិសោធន៍យ៉ាងឈឺចាប់ដល់ថ្នាក់លែងហ៊ានទទួលយក ឬចាប់ផ្ដើមថ្មី។ ខាងក្រោមនេះជាមូលហេតុដែលនារីមួយចំនួនសម្រេចចិត្តមិនទទួលយកស្នេហាទៀត ទោះបីជាពួកគេត្រូវរស់នៅកំព្រាឯកាក៏ដោយ៖
១. ការភ័យខ្លាចត្រូវគេបោះបង់ចោល៖ អ្នកជំនាញបានឲ្យដឹងថាពួកគេមិនមែនខ្លាចនឹងមានស្នេហានោះទេ ប៉ុន្ដែពួកគេភ័យខ្លាចក្នុងការត្រូវគេបោះបង់ចោល ក៏ដូច
ជាស្អប់អារម្មណ៍ដែលគេទុកឲ្យនៅឯកាម្នាក់ឯង។ ដូចនេះហើយទើបបានជាពួកគេគិតថាបើសិនជាពួកគេនៅម្នាក់ឯង ហើយមិនលង់ស្រលាញ់នរណានោះនឹងធ្វើឲ្យពួកគេមានសេចក្ដីសុខជាងមានស្នេហា។
២. បញ្ហាការជឿទុកចិត្តគ្នា៖ អ្នករាល់គ្នាអាចស្រលាញ់មនុស្សដែលអ្នកទុកចិត្ត តែអ្នកមិនអាចទុកចិត្តលើមនុស្សដែលយើងស្រលាញ់បានទេ ពីព្រោះការទុកចិត្តចំពោះមនុស្សដែលយើងស្រលាញ់វាមានភាពលំបាកជាខ្លាំង ដោយសារតែសុភមង្គលរបស់យើងទាំងស្រុង គឺត្រូវស្ថិតនៅលើដៃរបស់គេដូចនេះ ហើយបើសិនជាចង់ឲ្យមានទំនុកចិត្តគឺត្រូវចំណាយពេលជាយូរដើម្បីស្វែងយល់ និងរៀនយល់ចិត្តពីគ្នាឲ្យកាន់តែច្បាស់។ ហេតុនេះហើយទើបបានជានារីៗមិនចង់ប្រថុយដាក់ចិត្តលើអ្នកណាខ្លាចចំមនុស្សមិនស្មោះ និងធ្វើឲ្យខ្លួនមានការឈឺចាប់ថ្ងៃក្រោយ។

៣. ការខកចិត្តក្នុងរឿងស្នេហា៖ បើសិនជាអ្នកដែលមានបទពិសោធន៍ល្អជាមួយនឹងរឿងស្នេហានោះគេនឹងមិនខ្លាចក្នុងការចាប់ផ្ដើមទំនាក់ទំនងជាថ្មីនោះទេ។ តែបើសិនជាអ្នកធ្លាប់មានបទពិសោធន៍អាក្រក់ក្នុងរឿងស្នេហាវិញនោះ វានិងធ្វើឲ្យអ្នកមានភាពរាថយ និងមិនហ៊ានក្នុងការមានស្នេហ៍ថ្មី ហើយសុខចិត្តនៅម្នាក់ឯងដើម្បីរួចផុតការឈឺចាប់នៅថ្ងៃអនាគត។

៤. ស្ថានភាពជុំវិញខ្លួន៖ បញ្ហានេះគឺជាបញ្ហាដ៏សំខាន់ ដោយពួកគេមិនហ៊ានមានទំនាក់ទំនងនោះទេ ដោយសារតែពួកគេមានការធំធាត់នៅក្នុងស្ថានភាពគ្រួសារមួយដែលតែងតែឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ។ បទពិសោធន៍ ក៏ដូចជាទំនាស់ទាំងនេះហើយដែលធ្វើឲ្យពួកគេមិនចង់មានទំនាក់ទំនង ដើម្បីកុំឲ្យពួកគេជួបនូវទំនាស់ និងបញ្ហាដូចដែលក្រុមគ្រួសាររបស់ខ្លួនធ្លាប់ឆ្លងកាត់។

៥. ការគិតខុសទៅលើក្ដីស្រលាញ់៖ នៅពេលដែលរូបនាងជឿជាក់លើក្ដីស្រលាញ់ប្រដូចទៅនឹងរឿងប្រលោមលោក ក៏ដូចជារឿងនិទៀននោះ ដូចនេះពួកគេពិបាកណាស់ក្នុងការទទួលយកស្នេហាពិតនៅខាងក្រៅព្រោះថាទំនាក់ទំនងដែលពួកគេរំពឹងទុកគឺមិនដូចការពិតខាងក្រៅឡើយ។ ដូចនេះដោយសារតែពួកគេខ្លាចមិនជួបរឿងទាំងនេះហើយ បានជាសុខចិត្តរត់គេចពីស្នេហាពិតហើយនៅតែចង់បន្ដក្ដីស្រមៃរបស់ខ្លួនបន្ដទៀត៕
អត្ថបទ៖ Sai
ប្រភព៖ timesofindia