កូរ៉េខាងត្បូងតបភ្លាមៗថា នឹងធ្វើឱ្យជប៉ុនខាតបង់យ៉ាងធំធេង បន្ទាប់ពីពួកគេបានដកប្រទេសកូរ៉េខាងត្បូងចេញពី “បញ្ជីអាទិភាព”
ប្រទេសជប៉ុនទើបតែប្រកាសជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា នេះថា ពួកគេនឹងលុបប្រទេសកូរ៉េខាងត្បូងចេញជាផ្លូវការ ពីបញ្ជីទិសដៅនាំចេញដែលអាចទុកចិត្តបាន «បញ្ជីស» នៅចុងខែនេះ ដោយសារផ្អែកលើបញ្ហាសន្តិសុខ។ ការប្រកាសនេះបានជំរុញឱ្យមានការឆ្លើយតបមកវិញភ្លាមៗពីទីក្រុងសេអ៊ូល ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយកូរ៉េខាងត្បូងបានព្រមានថា នឹងអាចចាត់វិធានការណ៍តបទៅប្រទេសជប៉ុនវិញ ឱ្យពួកគេខូចខាតធំតែម្ដង និងលុបជប៉ុនចេញពីដៃគូពាណិជ្ជកម្មដែលទុកចិត្ត។

លោក Hiroshige Seko រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនបានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា វិធានការពាណិជ្ជកម្មនេះមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូងឡើយ ហើយក៏មិនមែនជាការហាមឃាត់ការធ្វើពាណិជ្ជកម្ម ឬការហាមឃាត់ណាមួយឡើយ។ លោកបន្ដថា អ្វីដែលពួកគេធ្វើ គឺដាក់ប្រទេសកូរ៉េខាងត្បូង ឱ្យស្របតាមនីតិវិធីពាណិជ្ជកម្មធម្មតា មិនមានករណីអាទិភាពដូចមុន។
ប៉ុន្តែការដកយកចេញដែលនឹងមានប្រសិទ្ធិភាពនៅថ្ងៃទី២៨ ខែសីហា នឹងមានផលប៉ះពាល់ធំធេងលើសពីការត្រួតពិនិត្យការនាំចេញតឹងរ៉ឹង ដែលរារាំងការផ្គត់ផ្គង់វត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់ចំនួន ៣ ដូចជាសារធាតុ៖ fluorinated polyimides, photoresists និង hydrogen fluoride ដែលពួកវាសុទ្ធតែជាវត្ថុធាតុដើមសម្រាប់ធ្វើ បន្ទះឈីប មេម៉ូរី និងបន្ទះអេក្រង់៕



អត្ថបទ៖ លីដា