ការរញ្ជួយដីកម្លាំង ៦.៩រ៉ិចទ័រ បានវាយប្រហារមកលើកោះចាវ៉ានៃប្រទេសឥណ្ឌូនេស៊ី មានការព្រមានពីរលកយក្សស៊ូណាមីដែរ ប៉ុន្តែត្រូវលុបចោលទៅវិញ
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារមកលើកោះចាវ៉ានៃប្រទេសឥណ្ឌូនេស៊ី និងបានបន្ដឡោមព័ទ្ធរដ្ឋធានីហ្សាកាតា ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ ឬខូចខាតអ្វីធំដុំនោះទេ។ យ៉ាងណាក៏ដោយវាក៏មានការព្រមានពីរលកយក្សស៊ូណាមីផងដែរ បន្ទាប់ពីការរញ្ជួយដីនេះត្រូវបានកត់ត្រាដោយអ្នកឃ្លាំមើលអាមេរិកថា មានកម្លាំង ៦.៩រ៉ិចទ័រ ក្រោយមកត្រូវបានលុបចោលវិញ។ ការរញ្ជួយនេះបានកើតឡើងនៅជម្រៅ ៥២.៨ គីឡូម៉ែត្រ នៅម៉ោង ១៩ និង ០៣នាទី។

គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌូនេស៊ីមានប្រវត្តិនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិយ៉ាងច្រើន ដោយសារប្រទេសនេះស្ថិតនៅក្នុងតំបនដែលគេហៅថា «Pacific Ring of Fire» ដែលសូម្បីតែចុងឆ្នាំមុនក៏មានមនុស្សជាង ២,០០០នាក់ ត្រូវស្លាប់ នៅអំឡុងកាលពីខែកញ្ញា លើកោះស៊ូឡាវ៉ាស៊ី។ រលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ឆ្នាំ២០០៤ ក៏បានសម្លាប់មនុស្ស ១៧០,០០០នាក់ នៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ៕

អត្ថបទ៖ លីដា