ទីបំផុតសន្ធិសញ្ញា INF ត្រូវបានបញ្ចប់ បន្ទាប់ពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានសម្រេចដកខ្លួនចេញជាផ្លូវការ
ទីបំផុតសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម(INF) ត្រូវបានបញ្ចប់ជាផ្លូវការ តាមគំនិតផ្តួចផ្តើមរបស់ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នេះ។ សហរដ្ឋអាមេរិកបានព្យួរកាតព្វកិច្ចរបស់ខ្លួនជាផ្លូវការ ក្រោមសន្ធិសញ្ញា INF កាលពីខែកុម្ភៈ ដោយចោទប្រកាន់ថា រុស្ស៊ីបានរំលោភលើកិច្ចព្រមព្រៀងនេះ។ ចំណែកកាលពីខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានឆ្លើយតបទៅវិញ ដោយការចុះហត្ថលេខាលើក្រឹត្យមួយ ដែលនឹងបញ្ឈប់ការចូលរួមរបស់រុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

សន្ធិសញ្ញា INF មានន័យថា ជាការតម្រូវឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ី លុបបំបាត់ចោល និងទុកចោលជាអចិន្ត្រៃយ៍នូវអាវុធមីស៊ីល គ្រាប់ផ្លោងធម្មតា និងនាវាមីស៊ីល ដែលមានចម្ងាយពី ៥០០ ទៅ ៥,៥០០គីឡូម៉ែត្រ។ ចំណែក START ដែលត្រូវបានចុះហត្ថលេខានៅ ឆ្នាំ២០១០ គឺជាកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធរវាង រុស្ស៊ី-អាមេរិក តែមួយគត់ ដែលនៅសេសសល់។ ប្រទេសរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួនបើកចំហចំពោះកិច្ចពិភាក្សាស្តីពីអនាគតនៃសន្ធិសញ្ញានេះ៕


អត្ថបទ៖ លីដា