ហ្វ្រីៗអត់អស់លុយទេ! លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសរៀបចំកម្មវិធីទទួលទានសាច់ជ្រូក ដែលចំអិនផ្ទាល់ដៃដោយភរិយារបស់លោក
លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប នឹងរៀបចំធ្វើកម្មពិធីជួបសំណេះសំណាល និងភ្លក់រសជាតិស្នាដៃចំអិនម្ហូបអាហារសាច់ជ្រូក និងពងទា ដែលស្នាដៃចំអិនម្ហូបផ្ទាល់របស់លោកជំទាវ ម៉ែន ស៊ុន ឧត្តមភរិយារបស់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។ កម្មវិធីទទួលទានអាហារថ្ងៃត្រង់នេះផងដែរ ប្រព្រឹត្តិធ្វើឡើងនៅតំបន់ធម្មជាតិសែនមនោរម្យមានសួនសត្វ មានចំការធម្មជាតិ និងទីកន្លែងកំសាន្តជាច្រើនទៀតស្ថិតនៅជាប់ជើងភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ដោយបងប្អូនអាចចូលរួមដោយឥតគិតថ្លៃ។
គួររំលឹកថាមួយរយៈនេះគឺមានការរៀបចំធ្វើពិធីបរិភោគសាច់ជ្រូក ស្ទើរតែទូទាំងប្រទេសដើម្បីធ្វើការផ្សព្វផ្សាយថាជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ ហើយក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ ហើយសាច់ជ្រូកដែលបានដាក់លក់នៅលើទីផ្សារក៏មានការពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត៕




