យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់នៅប្រទេសជប៉ុន ដោយសារកម្ដៅក្ដៅខ្លាំង
ប៉ូលីសក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មានមនុស្ស ៧នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្ដៅនៅក្នុងប្រទេសជប៉ុនចាប់តាំងពីថ្ងៃសុក្រ។ កម្ដៅ ៣៨អង្សា បានវាយប្រហារលើទីក្រុងជាច្រើនទូទាំងប្រទេស ជាក់ស្ដែងដូចជានៅក្រុង Toyama មានទារកម្នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ ដោយសារកម្ដៅខ្លាំងពេក ខណៈទារកម្នាក់នោះត្រូវបានគេទុកចោលក្នុងឡាន។ ហើយកាលពីថ្ងៃសៅរ៍ក៏មានគេរាយការណ៍ថា នៅក្រុង Ageo ភាគខាងជើងនៃទីក្រុងតូក្យូ មានបុរស អាយុ ៦០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដួលនៅមុខផ្ទះរបស់គាត់ ហើយពួកគេត្រូវបានគេជឿថា បានស្លាប់បន្ទាប់ពីមិនអាចទ្រាំជាមួយភាពក្ដៅទៀតបាន។

នៅក្នុងខេត្ត Miyagi នៅព្រឹកថ្ងៃសៅរ៍ មានស្ត្រីម្នាក់ អាយុប្រហែល ៨០ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ប៉ុន្ដែក្រោយមកគាត់ត្រូវបានគេបញ្ជាក់ថា បានស្លាប់។ យោងតាមមន្រ្តីមូលដ្ឋានបានឱ្យដឹងថា មនុស្ស ៤នាក់ផ្សេងទៀត រួមមាន លោកយាយអាយុ ៨៣ឆ្នាំ និងលោកតា អាយុ ៩០ឆ្នាំ ដែលមកពី Nagasaki និងTochigi សុទ្ធតែត្រូវបានគេរកឃើញថា ស្លាប់ដោយសារអាកាសធាតុក្ដៅនេះ។ រដ្ឋាភិបាលកណ្តាលក៏បាននិយាយដែរថា សូម្បីសប្តាហ៍មុនក៏មានមនុស្ស ១២នាក់ បានស្លាប់ ដោយសារបញ្ហាវេជ្ជសាស្ត្រ ដែលទាក់ទងនឹងកម្ដៅសីតុណ្ហភាពបានកើនឡើងយ៉ាងខ្លាំងនេះ បន្ទាប់ពីរដូវវស្សាបានបញ្ចប់៕



អត្ថបទ៖ លីដា